តាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាក៏ដូចជាការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តឲ្យដូចភ្លៀងរលឹមរួចមក។
លោកវរសេនីយ៍ត្រី ប៉ិច វណ្ណា អធិការស្តីទីបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី លោកអធិការស្តីទីបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបីមុំចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងស្ថិតនៅទួលព្រៃបញ្ចុះសពក្នុងភូមិដំណាក់រាជជា ឃុំប្រាំបីមុំ។
លោកអធិការស្តីទីបានបន្តទៀតថា កិច្ចប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់រួមមានៈទី១-ឈ្មោះតែម ហ៊ុន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិអង្គប្រាង្គ ឃុំសន្លុងស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកសិករ ទី២-ឈ្មោះឡុច រ៉ែម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងទី៣-ឈ្មោះកែវ ម៉ាប់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមានមុខរបរកសិករ។
លោកអធិការស្តីទីបានបន្ថែមទៀតថាៈ ក្រោយពេលបង្ក្រាបហើយកម្លាំងនគរបាលបានដកហូតវត្ថុតាងដូចជាៈ ម៉ូតូពីរគ្រឿង ចាន ផ្តិលគ្រប មេអាប៉ោងមួយ ប្រាក់រៀលចំនួន១៧០០០០រៀលគត់នឹងប្រាក់ដុល្លាចំនួន១៣ដុល្លា បច្ចុប្បន្នជំនាញកំពុងកសាងណុំរឿងបញ្ជូនតាមនិតិវិធី ៕