កណ្ដាល ៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់២នាក់ជិះម៉ូតូដេញកាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈត្រឡប់មកពីចូលរួមកម្មវិធីជប់លៀងនៅផ្ទះរបស់មិត្ដភក្ដិវិញ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រស្មី សាម៉ាឌី ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្ដសញ្ញាន ជិះម៉ូតូរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ។
ប្រភពដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំទៅចូលរួមក្នុងកម្មវិធីជប់លៀងផ្ទះមិត្ដភក្ដិរបស់ខ្លួនឈ្មោះ គៀត ភារម្យ ភេទប្រុស មានទីលំនៅក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ។ លុះមកដល់វេលាម៉ោង២១ ថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះបានត្រឡប់មកផ្ទះរបស់ខ្លួនវិញដោយមានឈ្មោះ គៀត ភារម្យ និងឈ្មោះ ធី ប៊ុនធីម ជាអ្នកជូនមក លុះធ្វើដំណើរដល់ចំណុចភូមិភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់ មកដេញតាមពីក្រោយម៉ូតូជនរងគ្រោះ ខណៈមកជិតក៏ទាញវត្ថុរឹងមុត(ដោយពុំដឹងថាជាកាំបិតឬអ្វីនោះទេ) កាប់មកលើជនរងគ្រោះឈ្មោះ រស្មី សាម៉ាឌី ចំខាងក្រោមគុមត្រចៀកខាងឆ្វេង បណ្តាលឲ្យដាច់រយះប្រវែង ៥,៥០សង់ទីម៉ែត្រ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកឯជនសង្ស័យ២នាក់បានជិះម៉ូតូរត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលចុះទៅកន្លែងកើតហេតុ ដើម្បីទៅធ្វើអន្ដរាគមន៍និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារអំពើរឃាតកម្មពិតប្រាកដមែន រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីធ្វើការស៊ើបអង្កេតស្រាជ្រាវរកមុខជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕