ភ្នំពេញ ៖ យោងតាមប្រភពពីប្អូនស្រីរបស់អ្នកនាងសាន ស្រីឡៃ ដែលកំពុងមើលកូនតូចៗរបស់នាងសាន ស្រីឡៃ ដែលអង្គុយញ៉ាំការ៉េម ទាំងមិនដឹងម្តាយឪពុករបស់ពួកគេស្លាប់នោះ។
ប្អូនស្រីរបស់សពបានផ្តល់បទសម្ភាសន៍ជាមួយអ្នកការសែតថា មូលហេតុដែលបណ្តាលឲ្យអតីតបងថ្លៃបាញ់សម្លាប់បងស្រីរបស់នេះមកពីការប្រចណ្ឌព្រោះ រាល់ការសម្តែងតែងតែមានមនុស្សប្រុសថតជាមួយ។ ប្រភពដដែលបន្តថា ការប្រចណ្ឌនេះចាប់ផ្តើមតាំងពីអ្នកនាងប្រឡងជាប់មកម្លេះ ហើយពួកគាត់ទាំងពីរនាក់មិនដែលត្រូវគ្នានោះទេ។
សូមបញ្ជាក់ថា ស្ត្រីម្នាក់ដែលគេស្គាល់ថាជាតារាចម្រៀងនៅរស្មី ហង្សមាស ត្រូវបានអតីតស្វាមីបាញ់៣គ្រាប់ស្លាប់នៅហ្នឹងកន្លែងកើតហេតុបន្ទាប់មកជនល្មើសបានបាញ់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កាស្លាប់នៅក្បែរជនរងគ្រោះផងដែរ។ ហេតុការណ៍រន្ធត់ខាងលើបានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា ស្ថិតនៅផ្លូវ៣៦០ កែង៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សាន ស្រីឡៃ ភេទស្រី អាយុប្រហែលជាង ២០ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ ចំណែកជនល្មើស ត្រូវជាអតីតស្វាមី ដែលមានឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ មុខរបរមន្ត្រីគយ ស្នាក់នៅផ្ទះលេខ២៥២ ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុនារីរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX330 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2R-2953 មកហាងកែសម្ផស្សខាងលើ ប្រុងនឹងចេញរថយន្តទៅវិញស្រាប់តែ មានបុរសម្នាក់ដែលជាអតីតស្វាមីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FN- 5923 ដើរសំដៅទៅនារីរងគ្រោះហើយបានទាញកាំភ្លើងខ្លីម៉ាករ៉ូឡូបាញ់ អ្នកនាង សាន ស្រីឡៃ ចំនួន៣គ្រាប់ត្រូវក្បាលមួយគ្រាប់ ខ្នងមួយគ្រាប់ និងត្រូវកមួយគ្រាប់ ដេកស្លាប់ក្បែរមាត់ទ្វារចេញមួយរំពេចបន្ទាប់មកជនល្មើស បាញ់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កាបណ្តាលឲ្យស្លាប់នៅក្បែរគ្នាតែម្តង។
បច្ចុប្បន្នក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច្ច័យនិងធ្វើកំណត់ហេតុជុំវិញកន្លែងកើតហេតុរួចមក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕