បាត់ដំបង ៖ ជនសង្ស័យសករី ប្រុស ចំនួនពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តតាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួននៅនឹងលំនៅឋាន រួមនឹងថ្នាំញៀនមួយចំនួនធំដែលនេះក៏ដោយសារមានការឯកភាពពីលោកព្រះរាជអាជ្ញា នួន សាន ផងដែរ ។
បន្ទាប់ពីមានបទបញ្ជាយ៉ាងតឹងរឹងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយមានការដឹកនាំសហការពីលោកឧត្តមសេនីយ៍ ត្រី ជេត វណ្ណី ស្នងការរងទទួល ផែន ព្រមទណ្ឌ និង លោក វីរសេនីយ៍ ឯក កុយ ហៀងស្នងការរងទទួលផែនប្រឆាំងបទល្មើស រួមនឹងកម្លាំងប្រឆាំង គ្រឿងញៀនផងនោះ កម្លាំងបានចេញប្រតិបត្តិការនៅវេលាម៉ោង ២ និង ១៥ នាទី រសៀល ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧ នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ២ នាក់ ក្នុងករណីចែកចាយថ្នាំញៀនជាក់ស្តែង ។
មុខសញ្ញាដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ មឿន ពៅ ភេទប្រុស អាយុ៤៤ឆ្នាំនិង ឈ្មោះ ហៃ សុម្នី ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅក្នុងចំណុចខាងលើដោយសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៤ថង់ ទម្ងន់ ១៦,៧៩ ក្រាម គ្រឿងអល័ង្កាចំនួន ២ខ្សែ នឹងបន្តោងខ្មៅ១ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងសំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
បន្ទាប់ពីបានទទួលចម្លើយសារភាពរួចមក បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ រួមទាំងវត្ថុតាង ត្រូវបានក្រុមបង្ការ បង្ក្រាប បានប្រគល់អោយទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕