ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញកន្លងមក និងដកហូតបានម៉ូតូចំនួន៣គ្រឿង ហើយជនសង្ស័យទាំង៦នាក់នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ។
មន្ត្រីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា មុខពេលឃាត់ខ្លួនក្រុមមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងផ្លូវលេខ២៧១ មុខមន្ទីរពេទ្យព្រះកុសុមៈ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សារ (ឆក់កាបូបស្ពាយ) ។
វត្ថុតាងចាប់យក ម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាកស៊ុយស៊ីគីឡែត ពណ៌ស ពាក់ស្លាកលេខ 1FO-6453 ម៉ូតូ២គ្រឿងទៀតម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AW-4685និងមួយគ្រឿងទៀតគ្មានស្លាកលេខ ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមជាមួយវត្ថុតាងម៉ូតូ ចំនួន០៣គ្រឿង ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕