កណ្ដាល ៖ នគរបាលស្រុកស្អាងធ្វើការបង្ក្រាបចាប់ខ្លួនស្ដ្រីម្នាក់ក្នុងករណីពាក់ព័ន្ធថ្នាំញៀន កាលពីវេលាម៉ៅង១៥និង៤៧នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ក្នុងប្រតិបត្ដិការបង្ក្រាបចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៤០កញ្ចប់ ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ យ៉ាន សុខរឿន ភេទ ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបានឡើយ លុះរហូតមកដល់វេលាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកទទួលបានព័ត៌មានច្បាស់ការថា មានសញ្ញាជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះ សមត្ថកិច្ចក៏បានសុំការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលនិងមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដោយមានការដឹកនាំដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកវិលនិងប៉ុស្ដិ៍នគរបាលព្រែកគយ ចុះធ្វើការបង្ក្រាបឆែកឆេរផ្ទះជនសង្ស័យឈ្មោះ យ៉ាន សុខរឿន បានរកឃើញថ្នាំញៀនចំនួន៤០កញ្ចប់ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនចំនួន៤០កញ្ចប់នេះគឺពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីស្ត្រីម្នាក់មិនស្គាល់ឈ្មោះតម្លៃ ៤០ម៉ឺនរៀល (សែសិបម៉ឺនរៀលគត់) នៅម្តុំវិមានឯករាជ្យ រាជធានីភ្នំពេញ ដើម្បីលក់បន្តក្នុង១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀល (ពីរម៉ឺនរៀល) ៕