កណ្ដាល ៖ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្ដនៅខាងមុខ តែវ៉ាមិនផុតក៏ជ្រុលទៅបុករថយន្ដមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលា១៩និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បងជីវិតឈ្មោះ អ៊ឹម ភ័ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិក មានទីលំនៅភូមរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1I-4757 ។ ចំណែកឯរថយន្ដម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ស្វាយរៀង 2A-0926 បើកបរដោយឈ្មោះ ញ៉ឹប សាវ៉េត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឬស្សី ឃុំដង្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានព្យាយាមបន្ថែមល្បឿនវ៉ាជែងរថយន្ដកុងតឺន័រដែលបើកស្របទិសគ្នានៅពីមុខ តែវ៉ាជែងមិនផុតក៏ជ្រុលទៅបុកជាមួយរថយន្ដ១គ្រឿងទៀតម៉ាកកាមរីឆ្លាម បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូដួលបោកទៅនិងផ្លូវស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យវាស់វែងកន្លែងកើតហេតុ រួចកសាងឯកសារដកហូតយកមកធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកពីជនរងគ្រោះជាអ្នកជិះម៉ូតូគ្មានការប្រុងប្រយ័ត្ន ធ្វេសប្រហែស ខណៈដែលជិះក្នុងស្ថានភាពគ្រោះថ្នាក់ ទើបបណ្ដាលឲ្យបុកជាមួយរថយន្ដពេញមួយទំហឹងស្លាប់បែបនេះ ៕