ស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២និង៥០នាទ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតនៅភូមិ ដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៥ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង1H-7052 បើកបរដោយឈ្មោះ ផាត វីរៈ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ ពាក់មួក ទិសដៅពីកើតទៅលិច មកកន្លែងកើតហេតុខាងលើ បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ស្លាកលេខ ស្វាយរៀង 1I-1050 ពីក្រោយ ក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ អ៊ុក សារឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ មិនពាក់មួក អ្នករួមដំណើរម្នាក់ ឈ្មោះ អន ហ៊ន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ មិនពាក់មួក។
ករណីនេះអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ចំណែកមធ្យោបាយទាំងពីរគ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប៕