កណ្ដាល ៖ កុមារាអាយុ៦ឆ្នាំម្នាក់បានស្លាប់បាត់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីកុមារារូបនេះបានចុះទៅងូតទឹកស្រះមួយកន្លែង ។ ករណីលង់ទឹកបណ្ដាលឲ្យស្លាប់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយរោងចក្រឃីង វ៉េ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ដ្រីនគរបាលផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យស្រុកស្អាងបានឲ្យដឹងថា កុមាររងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ផល សុភ័ស្ត ភេទប្រុស អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ពៅ ម៉ាប់ អាយុ៣៥ឆ្នាំ និងម្ដាយឈ្មោះ ស៊ុន ចាន់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កុមាររងគ្រោះបានទៅលេងផ្ទះយាយរបស់ខ្លួន លុះមកដល់វេលាម៉ោងប្រមាណជាង១៤រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កុមាររងគ្រោះបានចុះទៅមុជទឹកលេងនៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅខាងក្រោយរោងចក្រ ឃីង វ៉េ ខណៈកំពុងតែមុជក៏រអិលត្រង់ចំណុចដែលជ្រៅ បណ្ដាលឲ្យលង់ស្លាប់តែម្ដង បានបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង បានចុះជួយសង្គ្រោះយកមកលើគោកនិងធ្វើចលនា តែដោយសារកុមាររងគ្រោះលង់ទឹកអស់រយៈពេលយូរពេក បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យស្រុកបានចុះមកធ្វើការពិនិត្យ រួចបញ្ជាក់ថា កុមារារងគ្រោះពិតជាស្លាប់ដោយសារករណីលង់ទឹកពិតប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕