សៀមរាប ៖ ជនសង្ស័យម្នាក់ ដែលតែងតែធ្វើសកម្មភាពដ៏សកម្ម បន្លំចូលក្នុងផ្ទះលួចទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនបានហើយខណៈមានពាក្យបណ្តឹងរបស់ពលរដ្ឋ។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ នគរបាលផ្នែកព្រហ្មទណ្ឌក្រុង បានសហការណ៍ជាមួយនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាន នគរបាលក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក ទេព ចាន់ណា ដោយមានកិច្ចសហការល្អពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តេង សុខរ៉ាវិត អាយុ២៩ឆ្នាំ មុខរបរបម្រើការងារតាមភោជនីយដ្ឋាន ស្នាក់នៅបណ្តោះអាសន្ន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពីជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពបន្លំចូលក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ២គ្រួសារ នៅក្នុងសង្កាត់គោកចកនិងសង្កាត់សាលាកំរើក កាលពីថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៧ លួចយកទូរស័ព្ទចំនួន០៣គ្រឿង ហើយគេចខ្លួនបាត់ ។
លោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ដែលបានដឹកនាំការស៊ើបអង្កេតនេះ ដោយផ្ទាល់បានប្រាប់ឲ្យដឹងថា ជនសង្ស័យ បានបន្លំចូលផ្ទះរបស់ជនរងគ្រោះចំនួន ២ខ្នងផ្ទះ ផ្ទះ ទី១-ឈ្មោះ ហ វ ន អាយុ៣៤ឆ្នាំ មុខរបរលក់បាយ មានទីតាំងនៅក្នុង ភូមិទក្សិណខាងត្បូង សង្កាត់គោចក លួចយកទូរស័ព្ទចំនួន០២គ្រឿង (iPhone6 ចំនួនមួយគ្រឿង SumsungJ3 ចំនួនមួយគ្រឿង) ហើយគេចខ្លួនបាត់។ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យដដែលបានបន្តធ្វើសកម្មភាព បន្លំចូលលួច នៅក្នុងផ្ទះរបស់ជនរងគ្រោះ មួយទៀត ដែលមានទីតាំងនៅក្នុងភូមិវត្តដែលមានទីតាំងនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក លួចយកទូរស័ព្ទប្រភេទ អាយផេត ពណ៌ស ចំនួនមួយគ្រឿង ហើយគេចខ្លួនបម្រុងយកទៅលក់នៅហាងទិញលក់ទូរស័ព្ទ មួយដែល មានទីតាំងនៅក្នុងភូមិសាស្ត្រស្រុកពួក ដោយម្ចាស់ហាងមានការសង្ស័យ ក៏រាយការណ៍មកនគរបាលយើង និងសហការគ្នារៀបចំផែនការដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បន្តនិតិវិធី ធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទពិតមែន។ ក្រោយធ្វើការសាកសួរ នគរបាលយើងបានធ្វើការ ដកហូតបានវត្ថុតាង ទូរស័ព្ទចំនួន០២គ្រឿងបន្ថែមទៀតដែលជនសង្ស័យលាក់ទុកក្នុងបន្ទប់ជួលដែលខ្លួនស្នាក់នៅ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕