បាត់ដំបង ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត នៅលើទ្រូងផ្លូវ ក្នុងចំណោមអ្នកជិះម៉ូតូជាមួយគ្នាចំនួន៤នាក់ ខណៈដែលពួកគេបាននាំគ្នាជិះម៉ូតូហើយបត់ឆ្លងផ្លូវ ដោយមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តដែលកំពុងមកពីក្រោយស្របទិសគ្នាបុកពេញទំហឹងតែម្តង ។
លោក ឌឿន សម្បត្តិ អធិការរង នគរបាលស្រុក មោងឫស្សី ទទួលផែនសណ្តាប់ធ្នាប់បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១០ ភូមិថ្នល់បត់ ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ។
លោកបានបន្តថា នៅមុនពេលកើតហេតុ គឺមានរថយន្តមួយគ្រឿង ម៉ាកកាមរី ឆ្លាម ពណ៌ ស្ក ពាក់ស្លាកលេខ ខេមរភូមិន្ទ ០២-៤៧៣៨ បានបើកបរក្នុងទិសដៅពីបាត់ដំបងទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកទៅលើម៉ូតូមួយគ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-0234 ខណៈដែលម៉ូតូនេះកំពុងបត់ឆ្វេងឆ្លងផ្លូវ ។
បើតាមសាក្សីមួយចំនួនបាននិយាយថា ម៉ូតូដែលមានជិះគ្នា៤នាក់នេះ គឺពួកគេនៅឯខេត្តពោធិសាត់ ដោយពួកគេទើបនឹងឡើងពីឃ្វាលទានៅព្រំប្រទល់ស្វាយដូនកែវ ហើយបាននាំគ្នាជិះម៉ូតូមកទិញអីញ៉ាំនៅឃុំឫស្សីក្រាំង ទឹកដីស្រុកមោងឫស្សី ដោយក្រោយពីទិញបានហើយពួកគេក៏បានបត់ម៉ូតូត្រឡប់ទៅវិញក៏ត្រូវរថយន្តបុកតែម្តង ។
ជាក់ស្តែងនៅនឹងកន្លែងកើតហេតុ ក្រោយពេលសមត្ថកិច្ចស្រុកមោងឫស្សីចុះទៅត្រួតពិនិត្យគឺសង្គេតឃើញថា មានមនុស្សស្លាប់ម្នាក់គឺជាអ្នកបើកបរម៉ូតូ ដែលមានឈ្មោះ គឿន រ័ត្ន ភេទស្រី អាយុ៣៧ ឆ្នាំ ( ស្លាប់ ) ឯអ្នករួមដំណើរចំនួន៣នាក់ ដែលរងរបួសធ្ងន់ធ្ងរមានឈ្មោះ ជ័យ ដា ភេទស្រី អាយុ១១ ឆ្នាំ ឈ្មោះ ស៊ុន ណែត ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ សិស្ស និងឈ្មោះ ស៊ុន លីតា ភេទស្រី អាយុ០៤ ឆ្នាំ មុខរបរ សិស្ស អ្នកទាំងអស់គ្នារស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់ ។
បច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានកំលាំងសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅបន្ទីរពេទ្យបង្អែកស្រុកបាកានហើយ ចំណែកសាកសពក៏ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ រីឯអ្នកបើកបរ រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល ដែលរថយន្ត និងម៉ូតូត្រូវបានកំលាំងជំនាញនាំយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមោងឫស្សីជាបណ្តោះអាសន្ន ៕