រថយន្តក្រុង​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន LTC បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

07-November-2017 | ដោយ ពល បញ្ញា

​ពោធិ៍សាត់ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន LTC ពាក់​ស្លាក​លេខ 3C-7287 ពណ៌​ស​ក្រហម បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក 1​ឈ​-1725 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​ផ្លូវ ត្រូវ​រថយន្តក្រុង​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ឧបទ្ទវហេតុ​កើតឡើង​នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ លឹម ហ៊​ង ស្ថិតនៅ​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​យប់ នា​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ និង​អ្នករួមដំណើរ​ម្នាក់ បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​ខាងលើ អ្នកជិះ​ម៉ូតូ​បាន​បើក​ឆ្លងផ្លូវ​មិនទាន់​ផុត ខណៈនោះ​ស្រាប់​តែមាន​រថយន្តក្រុង​មួយគ្រឿង ធ្វើដំណើរ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់ នៅនឹងកន្លែង និង​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​

​លោក​វរសេនីយ៍ឯក រស់ ចំរើន ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឡេង វណ្ណា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​លលកស សង្កាត់​លលកស ក្រុង​/​ខេត្តពោធិ៍សាត់ ជា​អ្នកបើកបរ​ម៉ូតូ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ សុទ្ធ លីដា ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​យួ​ស ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ស្លាប់​នៅនឹងកន្លែង​។​

​លោក​ប្រធានការិយាល័យ​បាន​បន្តថា ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ដោយ​ឃើញ​អាការ​របស់​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ រីឯ​អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ ចំពោះ​រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​យក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕


ចំនួនអ្នកទស្សនា

    20622717

  • ថ្ងៃនេះ9451
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65111
  • ខែនេះ180261
  • ឆ្នាំនេះ180261
  • សរុប20622717