ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្តីចិត្តតិរច្ឆាន យកកាំបិតប៉័ងតោ អារកបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មហើយជនសង្ស័យបានអារកខ្លួនឯងតាមក្រោយបណ្តាលឲ្យរបួសធ្ងន់ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះភ្លាមៗ។ ហេតុការណ៍មនុស្សឃាតនេះបានកើតឡើង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៥ព្រឹក នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាជនរងគ្រោះឈ្មោះ គីម ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់នំគ្រក់ នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនដៃដល់ឈ្មោះ ចាន់ ជីវី ភេទប្រុស អាយុ៣១ឆ្នាំ ទើបចេញពីគុកស្នាក់នៅបន្ទប់ជួល៨៩៩ ភូមិថ្មគោល មុខរបរមិនពិត។
លោកអធិការបន្តថា ក្រោយពីកើតហេតុនគរបាលជំនាញកោសល្យនិងបច្ចេកទេស បានធ្វើកោសល្យវិច្ច័យរួចមក សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះបញ្ហាមនុស្សឃាតខាងលើសមត្ថកិច្ចពុំទាន់ដឹងបណ្តាលមកពីមូលហេតុអ្វីឲ្យច្បាស់នៅឡើយទេ ដោយកំពុងស្រាវជ្រាវជុំវិញទីតាំងកើតហេតុ ៕