សៀមរាប ៖ អនុវត្តតាមការណែនាំណែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបក៏ដូចការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តដើម្បីធ្វើឲ្យទីក្រុងសៀមរាបមានសុវត្ថិភាពចរាចរណ៍សណ្តាប់ធ្នាប់របៀបរៀបរយនិងមានសោភ័ណ្ឌភាពល្អសាកសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រកាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈដឹកនាំដោយលោកវរសេនីយ៍ទោមាស វណ្ណៈ សហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ៦A និងម្តុំបេនឡានចុងកៅស៊ូនិងជុំវិញតំបន់ផ្សារចាស់និងម្តុំមន្ទីរពេទ្យជ័យវរ័ន្មទី៧ ក្នុងក្រុងសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនិងអាជីវករលក់ដូរឲ្យពួកគាត់បានយល់អំពីការដាក់តាំងលក់នៅសម្ភារៈទំនិញនិងស្លាកយីហោជាដើមដែលធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរដោយថ្មើរជើងនិងបាត់សណ្តាប់ធ្នាប់របៀបរៀបរយអាចធ្វើឲ្យកកស្ទះចរាចរណ៍ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនិងបាត់សោភ័ណ្ឌភាពទីក្រុងនិងសូមឲ្យពួកគាត់ចូលរួមគោរពច្បាប់ចូលរួមថែរក្សាបរិស្ថាននិងអនាម័យឲ្យបានល្អសាកសមជាទីក្រុងទេសចរណ៍អាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឲ្យចូលមកទស្សនាកំស្តានក្នុងខេត្តយើងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងៗផងដែរ។