បន្ទាយមានជ័យ ៖ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យសហការនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលចំណីអាហារនៅផ្សារជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានធ្វើតេស្ត បឋមរកឃើញវត្តមានសារធាតុគីមីបូរ៉ាក់ហាមឃាត់ខុសច្បាប់ត្រូវបានគេប្រើប្រាស់ដាក់នៅក្នុងគុយទាវសរសៃធំ ដែលអាជីវករចំនួន២តូបទិញយកមកលក់ចែកចាយសម្រាប់ឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគនោះ។
សរសៃគុយទាវធំដែលមន្ត្រីជំនាញរកឃើញមានវត្តមានសារធាតុគីមីសរុបទម្ងន់៦គីឡូក្រាមកន្លះ បានរងការបង្ក្រាបដកហូតដើម្បីយកទៅដុតកម្ទេចចោល។
មន្ត្រីជំនាញកំពុងបន្តនីតិវិធីដើម្បីចុះស្រាវជ្រាវបង្ក្រាបចាប់ខ្លួនម្ចាស់សហគ្រាសដែលផលិតគុយទាវសរសៃធំមានផ្ទុកសារធាតុគីមី បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋនោះហើយ។
បើតាមមន្ត្រីជំនាញសាខាកាំកុងត្រូលប្រាប់ឲ្យដឹងថាសារធាតុគីមីបូរ៉ាក់គឺគេយកប្រើប្រាស់សម្រាប់ធ្វើឲ្យផលិតផលមាភាពស្វិតប៉ុន្តែត្រូវបានច្បាប់ហាមឃាត់ដាច់ខាតមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងផលិតផលម្ហូបអាហារនោះឡើយ។ សារធាតុគីមីបូរ៉ាក់បានបង្កឲ្យផលប៉ះពាល់ដល់សុខភាព ដូចជា បង្កឲ្យពុលក្រលាន រលាកក្រពះនិងពោះវៀន បើសិនប្រើប្រាស់១៥ក្រាម ចំពោះមនុស្សចាស់ និងប្រើប្រាស់៥ក្រាម ចំពោះមនុស្សក្មេង សម្រាប់សារធាតុគីមីបូរ៉ាក់អាចបង្កឲ្យពុលក្អួតឈាមនិងរហូតដល់ស្លាប់ទៀតផង។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រាប់ឲ្យដឹងថា អនុវត្តតាមគោលការណ៍របស់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ តែតែងគិតគូជានិច្ចក្នុងការលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ តាមរយៈចុះជាប្រចាំដើម្បីធ្វើការវិភាគត្រួតពិនិត្យទប់ស្កាត់ផលិតផលចំណីអាហារគ្មានគុណភាព គ្មានសុវត្ថិភាព ទាំងនៅមាត់ច្រកទ្វារព្រំដែន និងនៅលើទីផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ។ មិនតែប៉ុណ្ណោះមន្ត្រីជំនាញក៏បានធ្វើការអប់រំដល់អាជីវករឲ្យចេះរៀបចំទុកដាក់និងតាំងលក់ទំនិញមានអនាម័យលក់ទំនិញមានគុណភាពនិងមានសុវត្ថិភាព ផងដែរ។
សូមបញ្ជាក់ថាទន្ទឹមដែលមន្ត្រីជំនាញចុះទៅត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលចំណីអាហារនៅក្នុងផ្សារជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកមិញនោះដែរមន្ត្រីជំនាញក៏បានរកឃើញនិងធ្វើការដកហូតនូវផលិតផលចំណីអាហារខូចគុណភាពមួយចំនួនទៀត ដើម្បីទុកយកមកដុតកម្ទេចចោលផងដែរ ៕