ព្រៃវែង ៖ បុរសម្នាក់បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ និងមនុស្ស៣នាក់ទៀតបានរងរបួស នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលមកពីកាប់រំលំដើមឈើហើយត្រូវឈើរលំសង្កត់ នៅចំណុចវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះរួមមានទី១-ឈ្មោះ ប៊ុន ធឿនភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ស្លាប់ តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ, ទី២-ឈ្មោះ វា ខ្លា ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច រងរបួស, ទី៣-ព្រះសង្ឃព្រះនាម សូ កុសល់ ព្រះជន្ម១៧ព្រះវស្សាគង់នៅវត្តកើតហេតុ រងរបួស, ទី៤-ព្រះសង្ឃព្រះនាម គង់ អូន ព្រះជន្ម១៨ ព្រះវស្សា គង់នៅវត្តកើតហេតុ រងរបួស។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់រួមជាមួយគ្នានឹង ម្ចាស់ ម៉ាស៊ីនអារឈើ២នាក់ទៀត ដែលមានទី១-ឈ្មោះ ឆោម ម៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិ ឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច, ទី២-ឈ្មោះវ៉ា ដូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃចារ ឃុំថ្មពូន ស្រុកកញ្ច្រៀច។ សរុប ៦នាក់ បានធ្វើសកម្មភាពកាប់រំលំដើមឈើទាលមួយដើម នៅក្នុងបរិវេណវត្ត ដើម្បីយកមកធ្វើកុដិ។ ពេលដំណើការកាប់ ពួកគាត់បានយកខ្សែពួមួយខ្សែទំហុំប្រហែល ២សង្ទីរម៉ែត្រ ប្រវែង៧៥ម៉ែត្រ មកចង ដើមឈើដែល ត្រូវកាប់ ដើម្បី ទាញផ្តួល ដើមឈើ ដោយយកចុងខ្សែពួម្ខាងចងភ្ជាប់ទៅនឹង ចុងដើមឈើដែលត្រូវកាប់ផ្តួល ហើយយកចុងខ្សែពួម្ខាងទៀត ទៅចងភ្ជាប់នឹងគល់ដើមឈើមួយផ្សេងទៀត ដើម្បីទប់កុំឲ្យដើមឈើដួលខុសដោលដៅ។ ពេលដែលដើមឈើរៀបនឹងរលំ ជនរងគ្រោះទាំង៤នាក់ ក៏បានចាប់ខ្សែ ទាញផ្តួល និងទប់ខ្លាចដួលខុសគោលដៅ ប៉ុន្តែ ពេលដែលដើមឈើកំពុងបាក់ជំហររលំដួល មកក្រោមយ៉ាងពេញទំហឹងនោះ ចៃដន្យ កំណាត់ខ្សែពួម្ខាងដែលចងជាប់ទៅនឹងចុងដើមឈើដែលដួលនោះ បានទាក់ ជាប់ទៅនឹងមែកឈើ ផ្សេងទៀត ដែលនៅក្បែរគ្នា បណ្តាលឲ្យកំណាត់ខ្សែពួ ម្ខាងទៀតដែលចងភ្ជាប់ទៅនឹងគល់ឈើ ហើយដែលជាកំណាត់ខ្សែពួដែល ជនរងគ្រោះទាំង៤នាក់ កំពុងកាន់ដើម្បីទាញ នោះ មានសភាពតឹងឡើងប្រៀបដូចជាខ្សែវាត់ បានវាត់ក្រវែង ជនរងគ្រោះទាំង៤នាក់បោកទៅនឹង របងថ្ម បណ្តាលឲ្យរងរបួស៣នាក់និង ស្លាប់ម្នាក់។
ក្រោយកើតហេតុអ្នករបួសត្រូវបានអ្នកភូមិបញ្ជូនទៅមន្ទីរពេទ្យបង្អែក ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕