កណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮធ្វើការចាប់ខ្លួន ខណៈដែលជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពដឹកឈើប្រណិតដោយខុសច្បាប់ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទី ស្ថិតក្នុងភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន២នាក់ ទី១-ឈ្មោះ ភិន សុខហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ និងទី២-ឈ្មោះ សៅ ដានី ហៅច្រែង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិទោង ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនមាន៖ ឈើប្រណិតប្រភេធ្នុងចំនួន២៤ដុំ និងម៉ូតូសណ្ដោងរ៉ឺម៉កចំនួនមួយគ្រឿង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការចុះល្បាតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងកំពុងបើកតាមបណ្ដោយផ្លូវដោយមានដឹកឈើផងដែរ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចសុំធ្វើការឆែកឆេរបានរកឃើញឈើប្រណិតជាប្រភេទឈើធ្នុងចំនួន២៤ដុំ ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំចាត់ការតាមនីតិវិធីច្បាប់ ៕