សៀមរាប ៖ លោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ០០និង១០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត ក្រោយពីហេតុនគរបាលចរាចរណ៍ បានចុះ ដល់កន្លែងកើតហេតុបានពិនិត្យទីតាំង ឃើញមានស្នាមកោសថ្នល់ និងរថយន្ត កិនពីលើម៉ូតូ។ រីឯភាគីខាងម៉ូតូ ២នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅ មន្ទីរពេទ្យបង្អែកមុនរួចទៅហើយ។
ពេលដែលមានគ្រោះថ្នាក់នាក់បើកបរបានឈប់រថយន្តនៅកន្លែងកើតហេតុ ដោយសារតែប្រជាពលរដ្ឋមកលោមព័ទ្ធរថយន្តច្រើនពេកក៏បាន បើកឡានទៅមុខទាំងម៉ូតូនៅពីក្រោមឡាន ដើម្បីរកកន្លែងមានសុវត្ថិភាពផ្ទាល់ខ្លួន។ មូលហេតុដោយសារអ្នកបើកបរម៉ូតូមិនគោរពស្លាកសញ្ញាបញ្ជាចរាចរណ៍ និងខឿនបែងចែកទ្រូងផ្លូវ ដែលបានកំណត់ជាផ្លូវឯកទិស តែអ្នកបើកបរម៉ូតូបានបើកបញ្ច្រាសទិសមកបុករថយន្តតែម្តង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបាននាំវត្ថុតាង និងនាក់បើកបររថយន្តមកស្នងការដ្ឋាននគរបាលខេត្តទាំងយប់ដើម្បីធ្វើ កំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ន អយ្យការតាមនីតិធិវីច្បាប់ ៕