បាត់ដំបង ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខសាលាខេត្តបាត់ដំបងកំពុងប្រារព្ធទិវាបុណ្យខួបឯករាជ្យជាតិ ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានវត្តមានចូលរួម ពី សំណាក់ឯកឧត្ដម លោកជំទាវលោកនិងលោកស្រី អញ្ជើញមកពី មន្ទីរស្ថាប័ននានាជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សនិស្សិត សិស្សានុសិស្ស ចូលរួមផងដែរ។
បើតាម ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លើកឡើងថា ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ពេលនោះ គឺកម្ពុជាកំពុងរីកចម្រើនខ្លាំង លើគ្រប់វិស័យ។
ប៉ុន្តែ លទ្ធិពលនៃអំណាច បានធ្វើអោយ លោក លន់ ណុល ធ្វើបដិវត្តន៍ ទម្លាក់សម្ដេចព្រះនរោត្តមសីហនុ។ ដូច្នេះកម្ពុជា តាំងពីពេលនោះ មានភាពរង្គោះរង្គើ ខ្ទេចខ្ទីបាននាំកម្ពុជាធ្លាក់ក្នុងភាពងងឹត។ ក្រោយពីថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ កម្ពុជាកំពុងងើបឡើងបន្តិចម្ដងៗ ប៉ុន្តែអ្វីដែលខ្ទេចខ្ទីសល់តែផេះផង់ ប្រទេសមួយនេះជួបឧបសគ្គច្រើនក្នុងការអភិវឌ្ឍ។ ទោះបីជាឧបសគ្គ បច្ចុប្បន្ន ក្រោមការដឹកនាំ របស់រដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុនសែន លោកតែងតែជំរុញនិងកសាងកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្រ ឈ្នះៗ ជូនសម្ដេចព្រះនរោត្តមសីហនុ និងប្រជាពលរដ្ឋ ៕