ថៃ​ចាប់​រទេះ​ខ្មែរ ដែល​បង្កប់​ឈើ​គ្រញូង​បម្រុង​ឆ្លងដែន​មក​កម្ពុជា​

08-November-2017 | ដោយ ពលមនសិការ

​ប្រទេស​ថៃ ៖ ជនជាតិខ្មែរ​ចំនួន​៣​នាក់ បាន​រត់​គេចខ្លួនបាត់​ស្រមោល​ចូលទៅក្នុង​ផ្សារ​ថៃ​( ផ្សារ​រោង​ក្លឿ ) ផុតពី​ការចាប់ខ្លួន ខណៈដែល​ពួកគេ​កំពុង​អូស​រទេះដឹក សំបក​កេស​ចេញពី​ផ្សារ​ថៃ​ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត បម្រុង​ឆ្លងដែន​ចូលទៅ​កម្ពុជា​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​របស់​តម្រួត​ថៃ ឃាត់​អោយ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​រទេះ​ដែល​ពួកគេ​កំពុង​អូស​នោះ ។​

តាម​របាយ​ការ​របស់​ភាគី​ថៃ​បាន​បញ្ជាក់ថា សមត្ថកិច្ច​ថៃ​បានទទួល​ព័ត៌មាន​មួយ ស្តីពី​ការ​លប​នាំ​ឈើ​គ្រញូង​ចេញពី​ទឹកដី​ថៃ ត្រង់ចំណុច​ផ្សារ​រោង​ក្លឿ ឆ្ពោះទៅកាន់​ទឹកដី​កម្ពុជា​តាម​ច្រក​អន្តរជាតិ ប៉ោយប៉ែត ទើប​ចាប់ពី​រសៀល រហូតដល់​ល្ងាច​ថ្ងៃទី​៦ ខែវិច្ឆិកា​
​ឆ្នាំ​២០១៧ កម្លាំងចម្រុះ​ដែល​ក្នុងនោះ​មាន​ទាហាន​កង​រយ​លេខ ១២០១ កម្លាំង​អធិការដ្ឋាន ស្រុក​អារញ្ញ​ប្រាថេត តម្រួត​អន្តោប្រវេសន៍ និង​កម្លាំង​តម្រួត​ទេសចរណ៍​ប្រចាំ​តំបន់​ខ្លង​លឹក បាន​ត្រៀម​ជាស្រេច​ដើម្បី​ពិនិត្យ​ទៅលើ​អ្វីដែល​មានការ​សង្ស័យ​។​

​រហូតដល់​ល្ងាច ក៏​ស្រាប់​តែមាន​រទេះ​មួយ​ដែលមាន​កម្មករ​ខ្មែរ​ចំនួន​៣​នាក់ បាន​អូស​ចេញពី​ផ្សារ​រោង​ក្លឿ ឆ្ពោះទៅកាន់​ច្រកទ្វារ​អន្តរជាតិ ដោយមាន​ដឹក​សំបក​កេស​ក្រដាស​សំពីង សំពោង​ផង ប៉ុន្តែ​ហាក់ដូច​ជាមាន​សភាព​ធ្ងន់​ខុសពី​ធម្មតា ទើប​កម្លាំងចម្រុះ​បាន​ស្រែក​ឃាត់​អោយ​រទេះ​នេះ​ឈប់ ដើម្បី​សុំ​ការត្រួតពិនិត្យ ផ្ទុយទៅវិញ កម្មករ​ខ្មែរ​ទាំង​៣​នាក់​នោះ បាន​រត់ចោល​រទេះ​ចូលទៅក្នុង​ផ្សារ​ថៃ​បាត់ស្រមោល​អស់រលីង សូម្បីតែ​ក្រុម​តម្រួត​ថៃ​រត់តាម​ក៏​មិនទាន់​ដែរ ។​

​ក្រោយ​ការពិនិត្យ​ទៅលើ​រទេះ​នោះ គឺ​មានការ​បង្កប់​ឈើ​គ្រញូង​សរុប​ចំនួន​២៣​ផ្ទាំង​និង​១​ដុំ ស្មើនឹង ០,២៤៦ ម៉ែត្រគូប ដោយ​បច្ចុប្បន្ន​ឈើ​គ្រញូង​ទាំងអស់​ដែល​បម្រុង​លោតឆ័ត្រ​ចេញមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ ប៉ោយប៉ែត ត្រូវបាន​កម្លាំងចម្រុះ​ប្រគល់​ទៅអោយ​អង្គភាព​រដ្ឋបាល​ព្រៃឈើ ប្រចាំ​តំបន់​ណង​វ៉ែ​ង ស្រុក​គោក​ស៊ូ​ង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​រក្សាទុក​ទៅតាម​និតិ​វិធី​ច្បាប់ ៕


ចំនួនអ្នកទស្សនា

    20622937

  • ថ្ងៃនេះ9671
  • ម្សិលមិញ9421
  • សប្តាហ៍នេះ65331
  • ខែនេះ180481
  • ឆ្នាំនេះ180481
  • សរុប20622937