បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទនៅទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ ខេត្តបន្ទាយមានជ័យ មេបញ្ជាការថា កម្លាំងយោធា ដែលឈរជើងតាមបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដីឲ្យបាននិងបទល្មើសឆ្លងដែន។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បានមានប្រសាសថា ក្នុងឱកាសអបអរសាទរខួបអនុស្សារីយ៍លើកទី៦៤ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទកងកម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ ចំណុះយោធភូមិភាគទី៥ ត្រូវប្តេជ្ញាចិត្តការពារបូរណៈភាពទឹកដីនិងប្រទេសជាតិឲ្យមានសុខសន្តិភាព។
លោកបានបញ្ជាក់ថាៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលប្រទេសជាតិកំពុងមានអភិវឌ្ឍ រីកចម្រើនស្ទើគ្រប់វិស័យនៅកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បានមានប្រសាសន៍ថាៈ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ហើយកម្លាំងយោធាដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែនត្រូវបង្កើនការយកចិត្តទុកដាក់ការពារបូរណៈភាពទឹកដី និងទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនដូចជាបទល្មើសគ្រឿងញៀន ទំនិញគេចពន្ធ ទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ និងការពារសុវត្ថិភាពប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ៕