បាត់ដំបង ៖ បុរសរងគ្រោះម្នាក់ ត្រូវរថយន្តបុកពីក្រោយស្លាប់ទាំងមិនដឹងខ្លួន ខណៈដែលជនរងគ្រោះរូបនេះ កំពុងរត់ហាត់ប្រាណតាមដងផ្លូវនៅពេលព្រលប់ ហើយត្រូវរថយន្តដែលកំពុងបោះពួយយ៉ាងលឿនមកពីក្រោយ ព្រមទាំងបានបុកទាំងកម្រោលធ្វើអោយបុរសរូបនេះដួលបោកទៅនឹងថ្នល់ស្លាប់តែម្តង ។
ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៧ និង០៥ នាទីត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រវាងរថយន្តម៉ាកកាមរីពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 2A-0590 ជាមួយនឹងអ្នកថ្មើរជើង ក្នុងទិសដៅស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៥៩ បេ ។
តាមការអះអាងពីសាក្សីមួយចំនួនបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានបុរសម្នាក់បានរត់ហាត់កីឡាតាមបណ្តោយផ្លូវត្រង់ចំណុចខាងលើ ដោយសារតែនេះគឺជាទម្លាប់ជាប្រចាំរបស់ជនរងគ្រោះទៅហើយ ក្នុងការរត់ហាត់ប្រាណនេះ។ នៅពេលនោះដែរដោយសារតែមេឃងងឹតផង ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបានបោះពួយមកពីខាងក្រោយ ក្នុងទិសដៅពីលិចទៅកើត បានបុកទៅលើជនរងគ្រោះទាំងកម្រោលខណៈដែលគេកំពុងរត់កីឡាទាំងមិនដឹងខ្លួន បណ្តាលអោយដួលស្លាប់នៅនឹងកន្លែងតែម្តង
ជនរងគ្រោះមានឈ្មោះ ឆាយ ស្រេង ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ រីឯអ្នកបើកបររថយន្តមានឈ្មោះ លីវ សាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ដោយអ្នកបើកបរមិនបានរត់គេចខ្លួនទៅណានោះឡើយ ហើយបច្ចុប្បន្ន
សពត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ដោយឡែកមធ្យោបាយបង្កហេតុ ក៏ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ៕