ជនសង្ស័យ​ជា​ចោរប្លន់ ៥​នាក់​ត្រូវបាន​សមត្ថកិច្ច​បង្ហាញ​មុខជា​សាធារណៈ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​

13-November-2017 | ដោយ ពលមនសិការ

​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ចោរប្លន់​ប្រដាប់អាវុធ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើ​សន្និសីទ បង្ហាញ​មុខជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ករណី​ទី​១ ៖ ករណី​ប្លន់​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​យក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ស្កុប​ពី​ពណ៌​ស សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1GP-0078 កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​២១​និង​១០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ​៩៥EO ផ្លូវ​១៤៩ ក្រុម​១៥ ភូមិ​៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ករណី​ទី​២ ៖ ប្លន់​បាញ់​យក​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា សេ​125 សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FT-3968 កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​និង​៣០​នាទី នៅ​ចំណុច​មុខផ្ទះ​លេខ ៧៨ ផ្លូវ​២០០៤ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែលជា​ប្រធាន​គណៈ​បញ្ជា​ឯកភាព​រាជធានី​ភ្នំពេញ​, ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, លោក ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ​និង​អធិការដ្ឋាន​ដែល​ពាក់ព័ន្ធ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ក្រុម​ប្រដាប់អាវុធ​ខាងលើ​។​

​ជាក់ស្តែង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​, ទួលគោក និង​ពោធិ​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រា​ជ្រាវ យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេល​៣​ថ្ងៃ​ទើប​ឈានទៅ​ធ្វើការ​បង្ក្រាបបាន​ក្រុម​ប្លន់​ប្រដាប់អាវុធ​យក​ម៉ូតូ​ខ​ង​លើ​បាន​ចំនួន ២​នាក់ កាលពី​ថ្ងៃទី​១១ ខែ​វ​ច្ឆិ​កា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​-​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក​វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ម៉ែន រ័ត្ន ហៅ​រ័ត្ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​៦ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​, និង​ទី​២-​ឈ្មោះ ឥន ចាន់​ដា​រ៉ូ​ត ហៅ​រ៉ូ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​ទេព​ផន សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។​

ដោយ​ក្នុងនោះ​កម្លាំង​ជំនាញ​ក៏បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន ចំនួន​៥​នាក់ នៅក្នុង​ផ្ទះជួល​នោះ​ផងដែរ ស្រី​២​នាក់​។​

​លោក​ប្រធានការិយាល័យ​បាន​បន្តថា ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៥​នាក់​រួមមានៈ ទី​១-​ឈ្មោះ ឃី​ន ដឺ​លុ​ច្ស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ ធ្វើ​ជ្រូក​ខ្វៃ​, ទី​-​ឈ្មោះ ប៊ុត សិលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ផ្នែក​ម្ហូប នៅ​ព្រលានយន្តហោះ​, ទី​៣-​ឈ្មោះ ហេង សាវុធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះ​លេខ​២៨ ផ្លូវ​៥៩០ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​, ទី​៤-​ឈ្មោះ ហ៊ីម ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​-​សង្កាត់ អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ និង​ទី​៥-​ឈ្មោះ ហ៊ីម រ៉ៃ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់​ផ្ទះជួល​គ្មាន​លេខ ភូមិ​-​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​នៅផ្ទះ​។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​រួមមានៈ អាវុធខ្លី​២​ដើម ម៉ាក​ការ​៥៩​លេខ​២៦១ បង់​មួយ គ្រាប់​ចំនួន​៥ និង​ម៉ាក​ប៉េអាកុល ប្រើ​ហ្គាស លេខ​៨៧១០៧២, គ្រឿងញៀន​មួយកញ្ចប់​ធំ​ល្មម និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​, ស្លាក​លេខ​ម៉ូតូ​មួយ​(​ភ្នំពេញ 1GP-0078) ជា​របស់​ជនរងគ្រោះ ដែល​ត្រូវ​ចោរប្លន់ ក្នុងករណី​ទី​១, ម៉ូតូ​៤​គ្រឿង​រួមមានៈ មួយគ្រឿង​ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH-0185 លេខ​តួ​និង​លេខ​ម៉ាស៊ីន ៧៧៦៦៥១ ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ប្លន់​, ម៉ូតូ​ម៉ាក​ហ្សូ​ម​ម័​រ​អ៊ិ​ច ពណ៌​ក្រហម​+​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GP-9136 លេខ​តួ​និង​លេខ​ម៉ាស៊ីន ០១១៩០៨៧, ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1O-4175 លេខ​តួលេខ​ម៉ាស៊ីន ៣២១៥៤០, ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1P-1862 លេខ​តួ​និង​លេខ​ម៉ាស៊ីន ៣០១៩៦៥, ដាវ​សា​ម៉ូ​រ៉ៃ មួយ​ដើម​, អាយ​ឌី​មួយ​, ម៉ូ​ទ័​រ​ស្វាន​មួយ​, មួក​ទាហាន​មួយ​, ដែក​កាច់ក​ម៉ូតូ​៣ និង​សោរ​ទីប ២, ដង្កាប់​កែច្នៃ មួយ​, កន្ត្រៃ​កាត់​ដែក​មួយ​, រណា​អារ​ដែក​មួយ​, ដែកឆាប ២​និង​ញញួរ​២, ប្រដាប់​បាញ់​ស្លាក​លេខ​មួយ ម៉ាក​សូ​ឡូ​, ទូរ​សព្ទ​ដៃ ២​គ្រឿង​(​ម៉ាក oppo មួយគ្រឿង និង​ម៉ាក​ស៊ាំ​ស៊ុ​ង ពណ៌​ស មួយគ្រឿង​) ចង្អើរម៉ូតូ​៤ និង​គម្រប​ច្រ​វ៉ា​កមួយ និង​សោរ​ម៉ូតូ​កែច្នៃ​មួយចំនួន​។ ឆ្លងតាម​ចម្លើយសារភាព​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ បាន​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​បាញ់​យក​ម៉ូតូ​ចំនួន​២​ករណី​ក្នុងពេល​ថ្មី​២​នេះ ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕


ចំនួនអ្នកទស្សនា

    20624407

  • ថ្ងៃនេះ281
  • ម្សិលមិញ10851
  • សប្តាហ៍នេះ66801
  • ខែនេះ181951
  • ឆ្នាំនេះ181951
  • សរុប20624407