ភ្នំពេញ ៖ កាលពីវេលាលម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអគ្គីភ័យមួយបានកើតឡើងនៅរោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាកាឡូតហ្គាមិន(ខេមបូឌា) ស្ថិតនៅតាមបណ្តោយផ្លូវសួនវឌ្ឍនៈ អាគារម៉ាកាឡូតទី៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលការិយាល័យអគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់រងគ្រោះឈ្មោះ Jack Wang ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ ប្រធានគ្រប់គ្រងរោងចក្រ។ ហើយផ្ទះជាប្រភេទសំណង់ ថ្មបេតុងប្រក់ស័ង្កសី ទំហំ៤៨ម៉ែត្រ គុណ១២០ម៉ែត្រ និងបានខូចខាតសម្ភារៈក្នុងរោងចក្រទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសដល់មនុស្សទេ ហើយទំហំនៃការខូចខាតកម្លាំងជំនាញកំពុងស្រាវជ្រាវ។ សមត្ថកិច្ចបានបន្តថា មូលហេតុដែលនាំឲ្យមានអគ្គីភ័យខាងលើកម្លាំងជំនាញកំពុងស្រាវជ្រាវ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះខាងលើប្រើប្រាស់រថយន្តសរុប៣២គ្រឿងក្នុងនោះមាន រថយន្តរបស់ការិយាល័យពន្លត់អគ្គីភ័យ២០គ្រឿង ប្រើប្រាស់ទឹកអស់១២៩ឡាន ស្មើនឹង៤៨០ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាមួយគ្រឿង ប្រើប្រាស់ទឹក អស់២ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ៤គ្រឿង ប្រើប្រាស់ទឹក អស់៤ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តរបស់OCIC កាណាឌីយ៉ា២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១៦ម៉ែត្រគូប, ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន សើ្មនឹង៣៦ម៉ែត្រគូប។ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅម៉ោង៨និង៣០នាទីថ្ងៃដដែល ៕