បាត់ដំបង ៖ ផឹកស្រាស្រវឹង ទាញកាំភ្លើងអាការករឿងប្រពន្ធដោយបានគម្រាមសំឡុតរកបាញ់ប្រពន្ធ និងកូន បង្កការភ្ញាក់ផ្អើលពេញភូមិ រហូតដល់សមត្ថកិច្ចចុះព្រោងព្រាតដើម្បីបង្ក្រាប ដោយការប្រុងប្រយ័ត្ន និងឈានដល់ការចាប់ខ្លួនដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅចំណុចក្រុមទី២ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបានបង្កឡើងដោយបុរសស្រវឹងខួបម្នាក់ឈ្មោះ ហុក ស្រេង ភេទប្រុស អាយុ៥៨ឆ្នាំ ទៅលើប្រពន្ធឈ្មោះ សួស ផល្លី អាយុ៥៦ឆ្នាំ រស់នៅចំណុចខាងលើ។
លោកអនុសេនីយ៍ទោ កែវ វិបុល នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលស៊ុងបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានស្តីពីករណីហិង្សាក្នុងគ្រួសារ និងមានអាវុធរួចមក លោកបានដឹកនាំកម្លាំងចុះទៅកាន់ចំណុចខាងលើ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្តីដែលកំពុងស្ថិតក្នុងសភាពស្រវឹងជោគជាំផង យកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។
លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយពីការឃាត់ខ្លួនគឺជនសង្ស័យមិនព្រមសារភាពអំពីការលាក់ទុកអាវុធខុសច្បាប់ឡើង បើទោះបីជាសមត្ថកិច្ចទទួលបានព័ត៌មានថាគេមានអាវុធក៏ដោយ។ លុះដល់ព្រឹកថ្ងៃទី១៣ ខែឆ្នាំ ដដែលទើបជនសង្ស័យព្រម សារភាពថា ខ្លួនពិតជាមានអាវុធមួយដើមមែន ដោយគេបានលាក់ទុកនៅក្នុងចំការម្រេច។
ទីបំផុតជនសង្ស័យដែលជាអតីតយោធា ព្រមទាំងបានដើរចេញពីជួរកងទ័ពកាលពីឆ្នាំ១៩៩៦ បាននាំផ្លូវសមត្ថកិច្ចទៅបង្ហាញទីតាំងដែលខ្លួនលាក់អាវុធធុន អាកាស្វ័យបត់ មានបង់១និងមានគ្រាប់ចំនួន ១៧ គ្រាប់ ដោយគេបានសារភាពថា អាវុធនេះគេរើសបានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ហើយក៏បានយកមករក្សាទុកប៉ុន្តែមិនដែលបាញ់ម្តងណាទេ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាក្នុងគ្រួសារ និងការកាន់កាប់រក្សាទុក អាវុធខុសច្បាប់ ៕