កណ្ដាល ៖ បដិវត្តន៍ពណ៌វាបង្កមហន្តរាយវិនាសកម្មដូច្នេះហើយក្នុងនាមយើងជាកងកម្លាំងនគរបាលជាតិត្រូវការពារដាច់ខាតមិនអោយកើតមាននៅក្នុងប្រទេសកម្ពុជាយើងបានទេ។ ការថ្លែងនិងអះអាងរបស់លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅគ្រាដែលលោកស្នងការចុះផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។ ដោយមានកងកម្លាំងនគរបាលស្រុកពញាឮនិងស្រុកមុខកំពូលចូលរួមប្រមាណ២៣៥រូប។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម លោកឧត្ដមសេនីយ៍ទោ អ៊ាវចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានអះអាងនៅចំពោះមុខមន្ដ្រីនគរបាលទាំងអស់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិប្រឆាំងដាច់ខាតចំពោះឧបាយកលផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា និងមិនឲ្យកើតមានបដិវត្ដន៍ពណ៌នៅក្នុងប្រទេសយើងដែលកំពុងមានសន្ដិភាពនិងកំពុងមានការអភិវឌ្ឍន៍គ្រប់វិស័យក្រោមការដឹកនាំប្រទេសដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង។
នៅក្នុងឱកាសនោះដែរ ស្នងការខេត្ដកណ្ដាលបានជំរុញឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌនិងធានាឲ្យបាននូវស្ថេរភាព សុវត្ថិភាពនៅក្នុងមូលដ្ឋាន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ បន្ទាប់ពីស្ដាប់ការផ្សព្វផ្សាយវិធានការខាងលើរួចមក កងកម្លាំងនគរបាលទាំងអស់បានប្ដេជ្ញារក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការពាររដ្ឋាភិបាលស្របច្បាប់មិនឲ្យកើតមានអសន្តិសុខនិងបដិវត្តពណ៌ដែលពួកអមិត្តបង្កើតតាមគ្រប់រូបភាព។
សូមបញ្ជាក់ថា៖ ការចុះផ្សព្វផ្សាយវិធានការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមនេះ គឺធ្វើបានចំនួន៤ស្រុករួចហើយនិងបន្ដចុះធ្វើគ្រប់បណ្ដាស្រុក/ក្រុងទាំង១១នៅទូទាំងខេត្តកណ្តាល ៕