ភ្នំពេញ ៖ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង១០នាទី នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ផ្កាឈូក ស្ថិតនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ ខេង ស្រេង អធិការនគរបាលស្រុកចំការលើបានឲ្យដឹងថាជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ អ៊ិន អាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ ផល ម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ (ធ្វើតេស្ដទឹកម៉ូត បញ្ជាក់ថា វិជ្ជមាន ទាំង០២នាក់) ទី៣-ឈ្មោះ ឌុល ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី៤-ឈ្មោះ ផល ហុង ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ ទាំងពីរនាក់ មានទីលំនៅភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមុត ខេត្តត្បូងឃ្មុំ (ធ្វើតេស្ដទឹកម៉ូត បញ្ជាក់ថា អវិជ្ជមាន ទាំង០២នាក់) និងទី៥-ឈ្មោះ វៀង មិញតាំ (NGUYEN MINH TAM) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិតឹងហា ឃុំតឹងហា ស្រុកតាំងចូវ ខេត្តតៃមិញ ប្រទេសវៀតណាម (ធ្វើតេស្ដទឹកម៉ូត បញ្ជាក់ថា វិជ្ជមាន) ។
សមត្ថកិច្ចយើងបានធ្វើការឆែកឆេររកឃើញវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន មួយកញ្ចប់តូច, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន, លិខិតឆ្លងដែន (ប៉ាស្ព័រ) មួយក្បាល, អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មួយសន្លឹក និងដកហូតម៉ូតូមួយគ្រឿង(ឆ្អឹង) ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីចាត់ការតាមនីតិវិធី ៕