ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រប់លំដាប់ថ្នាក់យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលដីកាស្ថាពរសម្រេចរំលាយគណបក្សសង្គ្រោះជាតិនិងហាមសមាជិកជាន់ខ្ពស់នៃគណបក្សចំនួន១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ដោយតុលាការកំពូលនិងមហាអយ្យការ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការជំនុំជំរះក្តីសំណុំរឿងបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនេះ គឺបានប្រព្រឹត្តទៅដោយឯករាជ្យស្របតាមនីតិវិធី វិធាន និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស គឺបានផ្អែកលើអង្គហេតុ អង្គសេចក្តី និងសកម្មភាពជាក់ស្តែង របស់គណបក្សសង្គ្រោះជាតិដែលតែងតែញុះញង់ និងដឹកនាំការធ្វើកុបកម្ម បាតុកម្មហិង្សាខុសច្បាប់ម្តងហើយម្តងទៀត សំដៅបង្កចលាចលក្នុងសង្គម និងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ កម្មករនិយោជិក និងសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។
សាលដីកាសម្រេចរបស់តុលាការកំពូលនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពិតជាបានស្តែងឲ្យឃើញនូវឯករាជ្យភាព អធិតេយ្យភាពនិងនីតិរដ្ឋរបស់កម្ពុជា ដូចមានចែងតម្រូវក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងពិតជារួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព សុវត្ថិភាព និងសណ្តាបធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសមធម៌។
យើងខ្ញុំសូមប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍ផ្ទាល់មាត់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះផងដែរ ដែលបានដាក់ចេញនូវវិធានការណ៍បន្ត និងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មេត្តារក្សាភាពស្ងាត់ស្ងៀម ហើយចូលរួមអនុវត្តសាលដីកាសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នា បន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅ ប្រទេសកម្ពុជា។
យើងខ្ញុំក៏សូមប្រកាសជាឱឡារិកគាំទ្ររាល់វិធានការណ៍នានារបស់កម្លាំងមានសមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូល និងទប់ស្កាត់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ៕