អគ្គី​ភ័យ​ឆេះ​រោង​សិប្បកម្ម​ផលិត​ទឹកកក​ នៅ​គល់​ស្ពាន​បន្ទាយ​ប្រិ​យ​ ភូមិ​ចុង​អូរ​ ឃុំ​សំរុង​

20-November-2017 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​ ៖​ កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ មាន​អគ្គី​ភ័យ​មួយ​កើតឡើង​បណ្តាល​ឲ្យ​ឆេះ​រោង​សិប្បកម្ម​ផលិត​ទឹកកក​ មួយ​កន្លែង​ នៅ​ភូមិ​ចុង​អូរ​ ឃុំ​សំរុង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ តាម​ផ្លូវជាតិ​លេខ​៤​។​



​លោក​វរសេនីយ៍ទោ​ ហ៊ឹ​ម​ សុធា​រ៉ា​ នាយ​រង​ការិយាល័យ​បង្ការ​និង​ ពន្លត់អគ្គីភ័យ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​ ហើយ​ឆេះ​រាលដាល​ដល់​ស៊ីទែន​ស្តុក​ប្រេង​ និង​ អគារ​តែ​ម្តង​។​



​លោក​ ហ៊ឹ​ម​ សុធា​រ៉ា​ បាន​បញ្ជាក់​ថា​ ទីតាំង​កើតហេតុ​ស្ថិត​នៅ​ក្នុង​ឃុំ​សំរុង​ ដែល​ឃ្លាត​ពី​ទី​ក្រុងព្រះសីហនុ​ ចំងាយ​ជាង​៣០​គីឡូម៉ែត្រ​ និង​ ឃ្លាត​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ប្រមាណ​១០​គីឡូម៉ែត្រ​។​



​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ រថយន្ត​ពន្លត់អគ្គីភ័យ​ ៣​គ្រឿង​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​១​គ្រឿង​ទៀត​ របស់​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ចេញ​ធ្វើ​អន្តរាគមន៍​ ទៅ​សង្គ្រោះ​ពន្លត់​ភ្លាមៗ​ ហើយ​បាន​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​១៤​និង​៥៥​ នាទី​ ដោយ​ប្រើប្រាស់​ទឹក​អស់​៥​ឡាន​ ក្នុង​នោះ​ទឹក​លាយ​សាប៊ូ​៤​ឡាន​ ។​



​ម្ចាស់​រោង​សិប្បកម្ម​ ឈ្មោះ​ ជា​ ប៊ុ​ន​ថន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​៖​ មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ ហើយ​មាន​រន្ទះបាញ់​ត្រូវ​ចំ​ខ្សែភ្លើង​ រួច​ឆ្លង​ចរន្តអគ្គិសនី​ មក​ឆេះ​ធុង​ហ្គា​ស​ចំនួន​២​ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​រាលដាល​តែ​ម្តង​ ។​



​សម្ភារៈ​ខូចខាត​រួម​មានៈ​ ឡាន​កូរ៉េ​ដឹក​ទំនិញ​មួយ​គ្រឿង​ចំណុះ​២,៥​ តោន​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​,​ ទូរ​ដាក់កុង​ទ័​រ​ភ្លើង​ចំនួន​៨​ទូ​,​ ឆេះ​ដំបូល​រោងចក្រ​ អស់​ប្រហែល​៣០%,​ ឆេះ​លុយ​ចំនួន​ជាង​៣០​លាន​រៀល​ និង​ ប្រេង​ម៉ា​សូត​ប្រមាណ​ ៣,០០០​លី​ត្រ​ ។​


​លោក​វរសេនីយ៍ទោ​ហ៊ឹ​ម​ សុធា​រ៉ា​ បាន​បញ្ជាក់​បន្ថែម​ថា​៖​ ក្នុងអំឡុងពេល​ កំពុង​ប្រតិបត្តិការ​ ពន្លត់អគ្គីភ័យ​នេះ​ ក៏​មាន​វត្តមាន​ឯកឧត្ដម​យន្ត​ មីន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​ និង​ លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ បាន​មក​ដល់​ឃើញ​ហេតុការណ៍​ជាក់ស្តែង​ផង​ដែរ​។​ ពេល​នោះ​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ ឃើញ​បងប្អូន​ សមត្ថកិច្ច​យើង​ ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ ដោយ​មិន​ខ្លាច​ការ​នឿយហត់​នឿយ​ លោក​បាន​ជួយ​ឧបត្ថម្ភ​ដល់​ ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ ក្នុង​១​ក្រុម​ ឡាន​១​ចំនួន​៣០០​ដុល្លារ​ មាន​ឡាន​នគរបាល​៣​គ្រឿង​ និង​កងរាជអាវុធហត្ថ​១​គ្រឿង​។​



​ឆ្លៀតឱកាស​ពេល​នេះ​ លោក​វរសេនីយ៍ទោ​ ហ៊ឹ​ម​ សុធា​រ៉ា​ នាយ​រង​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​ខេត្ត​ព្រះ​សីហ​នុ​ តំណាង​ឲ្យ​មន្ត្រី​ជំនាញ​ពន្លត់អគ្គីភ័យ​ទាំងអស់​ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​សណ្តាន​ចិត្តសប្បុរស​ធម៌​របស់​លោក​ឧកញ៉ា​ និង​សូម​ជូនពរ​ដល់​លោក​ឧកញ៉ា​ សូម​ទទួល​បាន​នូវ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ​ ៕

 

ចំនួនអ្នកទស្សនា

    20626427

  • ថ្ងៃនេះ2301
  • ម្សិលមិញ10851
  • សប្តាហ៍នេះ68821
  • ខែនេះ183971
  • ឆ្នាំនេះ183971
  • សរុប20626427