ភ្នំពេញ ៖ បុរសម្នាក់ត្រូវនគរបាលប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើអនីតិជនក្រោមអាយុ១៥ឆ្នាំ កាលពីកំឡុង ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៩និង១០នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកវរសេនីទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាកុមារីរងគ្រោះឈ្មោះ ឃ ច ល អាយុ៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ទុម គា ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកអធិការរងបន្តថាមុនពេលកើតហេតុកាលពីកំឡុង ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៩និង១០នាទី កុមារីរងគ្រោះកំពុងលេងទូរស័ព្ទក្នុង បន្ទប់ម្នាក់ឯង (ផ្ទះកើតហេតុ) ពេលនោះជនសង្ស័យជាឪពុកចុងបានចូលទៅចាប់អោបថើប និងស្ទាបអង្អែលប្រដាប់ ភេទកុមារីរងគ្រោះ រួចក៏ត្រូវបានកុមារីរងគ្រោះរត់ចេញមកក្រៅប្រាប់ជីដូន។ កន្លងមកកាលពីកំឡុង ខែកក្កដា ឆ្នាំ ២០១៧ វេលាម៉ោង២០និង១០នាទី កុមារីរងគ្រោះអង្គុយលើសាឡុងម្នាក់ឯងក្នុង ផ្ទះ ពេលនោះជនសង្ស័យក៏ចាប់អោបថើប និងស្ទាបអង្អែលប្រដាប់ភេទកុមារីរងគ្រោះ ក៏ត្រូវបានបងប្រុសកុមារីរងគ្រោះចេញ មកឃើញ ជនសង្ស័យក៏ដើរគេចចេញ។
កាលពីកំឡូង ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យធ្លាប់ចាប់អោបថើប និងលេងប្រដាប់ភេទកុមារីរងគ្រោះ ម្តងរួចមកហើយ។ លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣០នាទី ជីដូនកុមារីរងគ្រោះទ្រាំនឹងអំពើជនសង្ស័យប្រព្រឹត្តមកលើកុមារីរងគ្រោះមិនបាន ក៏មកដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា រួចជនសង្ស័យដឹង ក៏ទៅរករឿងជីដូនកុមារីរងគ្រោះ ពេលនោះសមត្ថកិច្ចយើងចុះទៅនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ព្រែកប្រា ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ៕