ប្រទេសថៃ ៖ គ្រឿងសព្វាវុធជាច្រើនប្រភេទ ដែលសម្រាប់ធ្វើសឹកសង្គ្រាម ត្រូវបានកម្លាំងតម្រួត នៃស្នងការដ្ឋាន ខេត្តឡាំភូន ធ្វើការរឹបអូសបាននៅក្នុងផ្ទះប្រជាពលរដ្ឋម្នាក់បន្ទាប់ពីមានការសង្ស័យព្រមទាំងបានដាក់កម្លាំងអោយធ្វើការស៊ើបអង្កេតអស់មួយរយៈរួចមក។
គួរបញ្ជាក់ថា នាពេលកន្លងមក នៅត្រង់ចំណុចផ្ទះលេខ ១៣១ ក្នុងភូមិ២ ឃុំសិរីបួបានស្រុកមឿង ខេត្តឡាំភូន ប្រទេសថៃ គឺប្រជាពលរដ្ឋធ្លាប់បានរាយការថា គេឧស្សាហ៍ឮស្នូរផ្ទុះអាវុធជារឿយៗ ដូចជាបាញ់នៅពេលមេឃភ្លៀងជាដើម។
ដោយមានការសង្ស័យ ទើបលោក អដុន រុនភេទ មេបញ្ជាការក្រុមតម្រួត ខេត្តឡាំភូនបានដាក់កម្លាំងអោយធ្វើការស្រាវជ្រាវទៅលើប្រភពខាងលើ ដើម្បីច្បាម និងកំណត់ យកមុខសញ្ញានេះអោយបានច្បាស់ ក្នុងការបង្ក្រាប ដោយម្ចាស់ផ្ទះនេះមានឈ្មោះប្រាក់ឆ័ន ចៈវៈនៈ ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ត ដឹកភ្ញៀវទេសចរណ៍ និងមានបើកជាផ្ទះជួលផង ។
បន្ទាប់ពីសិក្សាទៅលើមុខសញ្ញាបានច្បាស់ហើយនោះ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ណាត់វុធ ឈុនហាក់ណាន់ បានដឹកនាំកម្លាំងដែលក្នុងនោះមានកម្លាំងតម្រួតខេត្ត និងយោធាខេត្ត ផ្នែករក្សាសន្តិសុខ បានធ្វើការឡោមព័ទ្ធលំនៅដ្ឋានខាងលើ ព្រមទាំងបានចូលទៅឆែកឆេរខាងក្នុងផ្ទះ គឺបានប្រទះឃើញមានអាវុធជាច្រើនប្រភេទ ប្រមាណជិត២០មុខ ដែលសុទ្ធសឹងជាអាវុធសម្រាប់ធ្វើសឹកសង្គ្រាម។
ក្នុងនោះរួមមានដូចជា កែវឆ្លុះសម្រាប់បាញ់ ជើងទម្រសម្រាប់បាញ់គ្រាប់រ៉ែតក្កែត កាំភ្លើងខ្លី ស្វ័យប្រវត្តិ ប្រភេទ PG7 និងឧបករណ៍ពាក់ព័ន្ធនឹងអាវុធសង្គ្រាម ដែលមានតម្លៃសរុបជាទឹកប្រាក់ រាប់លានបាត។
ក្រោយពីបានឃាត់ខ្លួនម្ចាស់ផ្ទះ ដែលជាមុខសញ្ញាសង្ស័យរួចមក កម្លាំងក៏បានរៀបចំបញ្ជូនខ្លួន រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការដ្ឋាន តម្រួតខេត្តឡាំភូន ដើម្បីសាកសួរបន្តដោយចង់ដឹងថា តើជនសង្ស័យជាមុខសញ្ញាក្រុមភេរវកម្មណាមួយ ឬក៏ជាមុខសញ្ញាជួញដូរអាវុធ ជាតិផ្ទុះ ?