មនុស្ស​២​នាក់​រង​របួសធ្ងន់​ខណៈ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ដ​បត់​ឆ្វេង​ឆ្លងផ្លូវ​

21-November-2017 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ រថយន្ដ​មួយ​គ្រឿង​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្ដាល​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​បុក​ពេញ​មួយ​ទំហឹង​ ធ្វើ​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​រង​របួសធ្ងន់​នៅ​និង​កន្លែង​កើតហេតុ​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-២១​ ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​


​មន្ដ្រី​នគរបាល​ចរាចរណ៍​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​២​នាក់​ ទី​១-​ឈ្មោះ​ គា​ ចំរើន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហ៊ិ​ន​១​ ឃុំ​ឫស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​1W-7214​ (​របួសធ្ងន់​)​ និង​ជន​រង​គ្រោះ​ទី​២-​ឈ្មោះ​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ អឿ​ ថា​វី​ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ (​ជា​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់​)​ រីឯ​រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​សលាយ​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-2631​ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ ទុក​រថយន្ដ​ចោល​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​



​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​រថយន្ដ​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ដ​បង្ក​បាន​បត់​ឆ្វេង​ឆ្ពោះទៅ​ទិស​ខាងលិច​ ដោយ​ធ្វេសប្រហែស​និង​មិន​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​ផ្លូវ​ដែល​មាន​ស្ថានភាព​គ្រោះថ្នាក់​នោះ​ទេ​ ខណៈនោះ​ផង​ដែរ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ជិះ​ដោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ ឈប់​មិន​ទាន់​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​ជាមួយ​រថយន្ដ​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ដួល​បោក​ទៅ​លើ​ផ្លូវ​ទទួល​រង​របួសធ្ងន់​តែ​ម្ដង​ រី​អ្នកបើកប​រថយន្ដ​បាន​ទុក​រថយន្ដ​ចោល​នៅ​កន្លែង​កើតហេតុ​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ចំណែកឯ​មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ធ្វើការ​វាស់វែង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​



​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ គឺ​បណ្ដាល​មក​ពី​អ្នក​បើករថយន្ដ​មិន​ប្រុង​ប្រយ័ត្ន​ក្នុង​ស្ថានភាព​ផ្លូវ​ដែល​គ្រោះថ្នាក់​ ខណៈ​ដែល​បត់​ឆ្វេង​ ទើប​បានជា​ជន​រង​គ្រោះ​ជិះ​បុក​ពេញ​មួយ​ទំហឹង​ទទួល​រង​របួសធ្ងន់​បែប​នេះ​ ៕​ 

ចំនួនអ្នកទស្សនា

    20626717

  • ថ្ងៃនេះ2591
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69111
  • ខែនេះ184261
  • ឆ្នាំនេះ184261
  • សរុប20626717