ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង១៥នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលករាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅក្នុងបន្ទប់លេខ២០៤ ក្នុងផ្ទះសំណាក់ពន្លឺរស្មីពេជ្រ ផ្ទះលេខ ៥៨ ផ្លូវលេខ ៣០៤ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន ៦S Plus ពណ៌ ទឹកមាស ) កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២០និង១៥នាទី នៅចំណុចមុខផ្ទះលេខ ៥៨D ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ OLAV NILS SUNDE ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិ NORWAY ស្នាក់នៅសណ្ឋាគារ LE ROYAL សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍។ ចំណែកជនសង្ស័យទី១-ឈ្មោះ គឿន គុណ ហៅ ដា វុទ្ធី ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, និងទី២-ឈ្មោះ យ៉ាន់ រាជ ហៅ ចាន់ សុរាជ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅ មិនពិតប្រាកដ។
ភស្តុតាងដកហូតរួមមានៈ ទូរស័ព្ទដៃមួយគ្រឿង ម៉ាក អាយហ្វូន ៦S Plus ពណ៌ ទឹកមាស ស៊ឹមកាតលេខ ៤៧ ៤១៤៤០០០០
ចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព, ម៉ូតូមួយគ្រឿងម៉ាក ឃីវេស ពណ៌ ក្រហម ឆ្នាំ ផលិត ២០១៧ លេខតួ ៨១៦១៧៣ លេខម៉ាស៊ីន ០៧០៧៧៣៧០ ពាក់ស្លាកលេខ ភ្នំពេញ 1GN-4000, ម្សៅក្រាមពណ៌ ស ចំនួន មួយកញ្ចប់តូច, ដែកកេះ មួយ, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមានដបទឹកបរិសុទ្ធម៉ាក វីតាល់មួយ, ទុយោជ័រ សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០៣ និងក្រដាសអាលុយមីញ៉ូមមួយចំនួន ។
លោកប្រធានការិយាល័យបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ខាងលើធ្លាប់ជាប់ពន្ធធានាគា ទើបដោះលែងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
បច្ចុប្បន្នជនសង្ស័យទាំង ពីរនាក់ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ រៀបចំបែបបទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕