ប្រទេសថៃ ៖ ពលករដែលមានទិសដៅទៅធ្វើការនៅទីក្រុងបាងកកចំនួន១៣នាក់ រួមជាមួយនឹងអ្នកបើកបរម្នាក់ ដែលជាជនជាតិថៃ ត្រូវបានស្លាប់ព្រមទាំងឆេះខ្លោចសឹងមើលលែងយល់ ខណៈដែលអ្នកបើកបររូបនេះ បានប្រើប្រាស់ល្បឿនលឿនក្នុងពេលយប់ងងឹតហើយជ្រុលទៅបុកនឹងរថយន្តធុនធ្ងន់ ដោយសារបាត់បង់ភាពជាម្ចាស់ការ ហើយត្រូវរថយន្តផ្ទុះឆេះឡើងតែម្តង ។
យោងតាមរបាយការណ៍របស់ថៃដែលយើងទទួលបានគឺ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវ អេឈៀ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៩០-៦០០
ក្នុងខេត្ត សិង្ហបុរី ប្រទេសថៃ រវាងរថយន្តសាំយ៉ុង ពាក់ស្លាកលេខ បាងកក ៣៣-៣២៤១ជាមួយនឹងរថយន្តធុនដឹកជញ្ជូន កង់១០ ម៉ាក មីស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខនគរសុវណ្ណ ៨១-៧៤០៧ ដែលបើកបរក្នុងទិសដៅស្របគ្នា ។
តាមការអះអាងពីឈ្មោះ សុនថន ហ្វាក់ថង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅខេត្តនគរសុវណ្ណ និងជាអ្នកបើកបររថយន្តធំផងនោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុគឺខ្លួនបានបើករថយន្តដឹកអង្ករ ចេញពីខេត្តនគរសុវណ្ណ ឆ្ពោះទៅខេត្តសារៈបុរី លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែឃើញរថយន្តសាំយ៉ុងមួយគ្រឿងនេះ បានបើកមកយ៉ាងលឿន ហើយបុកគូទរថយន្តរបស់លោកពីក្រោយយ៉ាងពេញទំហឹង រួចក៏ជ្រុលទៅមុខប្រហែល១០ម៉ែត្រ ក៏បានផ្ទុះឆេះអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ដោយលោកបានត្រឹមតែទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចតម្រួតអោយជួយអន្តរាគមន៍តែប៉ុណ្ណោះ ។
នៅក្នុងអណ្តាតភ្លើងដ៏សន្ធោសន្ធៅនេះ គ្មានអ្នកណាម្នាក់អាចចូលទៅជួយជនរងគ្រោះនៅក្នុងរថយន្តបានឡើយ រហូតធ្វើអោយមនុស្សទាំងអស់នៅក្នុងរថយន្ត ឆេះក្រៀមខ្លោចសឹងតែមើលមិនដឹងថាជាមនុស្សប្រុស ឬស្រី ហើយមានវ័យប្រហែលប៉ុន្មានឡើយ
ប៉ុន្តែក្រោយពេលសមត្ថកិច្ចថៃ ចុះទៅត្រួតពិនិត្យ ព្រមទាំងបានប្រើប្រាស់ឧបករណ៍កាត់ជញ្ជាំងរថយន្តដើម្បីទាញយកសពចេញពីក្នុងរថយន្ត ដោយសរុបមានចំនួន១៤នាក់។
សមត្ថកិច្ចបានអះអាងថា រថយន្តនេះគឺអ្នកបើកបរជាជនជាតិថៃ ដោយបានដឹកពលករ ជាជនជាតិភូមា សរុបចំនួន១៣នាក់ ចេញពីស្រុកម៉ែសត ខេត្តតាក ឆ្ពោះទៅកាន់ទីក្រុងបាងកក ដើម្បីរកការងារធ្វើ ហើយក៏បានជួបនឹងគ្រោះថ្នាក់បែបនេះ ដោយបច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនសពទាំងអស់ទៅកាន់អង្គភាពជំនាញដើម្បីពិនិត្យ D M A ក្នុងការវិភាគរកអត្តសញ្ញាណ ក្នុងការបញ្ជូនទៅអោយក្រុមគ្រួសាររៀងៗខ្លួន ៕