បន្ទាយមានជ័យ ៖ រថយន្តក្រុមហ៊ុន វុឌ្ឍន៍សុភាព ដឹកអ្នកដំណើរត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចឃាត់ពីបទដឹកទំនិញសង្ស័យគ្មានច្បាប់ពេញរថយន្តគ្មានអ្នកដំណើរដែលឃាត់នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី រស់ អៀម នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយទទួលការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តដើម្បីមានវិធានការរាល់បទល្មើសសេដ្ឋកិច្ចហើយកម្លាំងជំនាញបានស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់រថយន្តក្រុមហ៊ុន វុឌ្ឍន៍សុភាព ដឹកអ្នកដំណើរដែលពាក់ស្លាក់លេខភ្នំពេញ 3C-9288 ដែលដឹកទំនិញពេញរថយន្តដែលជាទំនិញប្រភេទល្អៗដែលសង្ស័យគ្មានច្បាប់។ ឃាត់អ្នកបើកបរនិងព្រូដែលអ្នកបើកបមានឈ្មោះ យ៉ា គុយនី ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតភូមិ/ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបញ្ជាក់ថា ក្រោយពេលកម្លាំងនគរបាលជំនាញឃាត់រថយន្តក្រុងដឹកទំនិញពេញរថយន្តគ្មានអ្នកដំណើរជិះគឺឃាត់សង្ស័យដឹកទំនិញល្មើសច្បាប់ព្រោះកម្លាំងជំនាញពិនិត្យជំហ៊ានដំបូងឃើញនៅផ្នែកខាងក្រោមរថយន្តនិងក្នុងរថយន្តសុទ្ធតែទំនិញពេញហើតបិតបាំងដោយវាំងនន។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់កម្លាំងនគរបាលជំនាញបាននាំយករថយន្តនិងអ្នកបើកបរនិងព្រូ២នាក់នាំទៅស្នងការដ្ឋាននគរបាលខេត្តរងចាំមន្ត្រីស្ថាប័នពាក់ព័ន្ធមានស្ថាប័នតុលាការនិងមន្ត្រីគយនិងរដ្ឋាការចូលរួមត្រួតពិនិត្យនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០១៧នេះ បើរកឃើញមានទំនិញល្មើសត្រូវអនុវត្តន៍តាមច្បាប់។
តាមចម្លើយអ្នកបើកបរឈ្មោះ ឈ្មោះ យ៉ា គុយនី បានសារភាពថា ទំនិញដែលដឹកតាមរថយន្តក្រុងនេះដឹកចេញពីក្រុងប៉ោយប៉ែតគោលបំណងដឹកទៅរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលឃាត់នាំចូលមកស្នងការនគរបាលខេត្តតែទំនិញនេះមិនដឹងថាមានពន្ធរឺគ្មានពន្ធនោះទេព្រោះខ្លួនគ្រាន់តែអ្នកបើកបររថយន្តអោយក្រុមហ៊ុនវុឌ្ឍន៍សុភាព ដឹកអ្នកដំណើរយកប្រាក់ខែតែប៉ុណ្ណោះ ៕