កណ្តាល ៖ មុខសញ្ញាជួញដូរសារធាតុញៀនម្នាក់ត្រូវកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួនជាក់ស្តែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាជនសង្ស័យឈ្មោះ យី វីរៈ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៨ កញ្ចប់ (ធំមួយកញ្ចប់, មធ្យមមួយកញ្ចប់ និងតូច ៦កញ្ចប់), ម៉ូតូ មួយគ្រឿង, ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CO-7809។
ប្រភពដដែលបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ និងប៉ុស្តិ៍នគរបាលទឹកវិល បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ យី វីរៈ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៨កញ្ចប់ នៅក្នុងហោប៉ៅអាវ រួចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ យី វីរៈ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០៨ កញ្ចប់ តម្លៃ ១០០,០០០រៀល (ដប់ម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕