បាត់ដំបង ៖ ស្បៃមងរាប់ពាន់ម៉ែត្រ ដែលក្រុមឱកាសនិយមតែងតែលួចឆ្មក់ដាក់ពង្រាយដើម្បីចាប់យកត្រីគ្រប់ប្រភេទនៅតាមដៃទន្លេសាប ត្រូវបានកម្លាំងចម្រុះចុះធ្វើការបង្ក្រាបព្រមទាំងដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ ខណៈដែលជនមិនស្គាល់មុខ បានលបដាក់ពង្រាយក្នុងតំបន់បឹងទន្លេសាប ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ដែលបានចាត់តាំងលោក វរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យ នគរបាល សេដ្ឋកិច្ច បានដឹកនាំកម្លាំងនគរបាលខេត្ត និងនគរបាលស្រុកមោងឫស្សី ចំនួន១៥នាក់ព្រមទាំងបាន សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងសង្កាត់រដ្ឋបាលជលផល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង និងសហគមន៍នេសាទ្រ បានចេញប្រតិបត្តិការចុះពិនិត្យទីតាំងមួយចំនួនដែលមានការលបលួចដាក់ពង្រាយស្បៃមងដើម្បីចាប់កូនត្រី ។
នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងចម្រុះបានប្រើប្រាស់កាណូតចំនួន១០គ្រឿង ក្នុងការរុករកបទល្មើសនេសាទ្រលើដែនទឹកដោយបានចុះទៅកាន់ចំណុច បាក់ស្នរចំណុច បឹងផ្តូលខ្ពស់ និងចំណុច ត្រែងធ្នង់ ក្នុងភូមិសាស្ត្រ ឃុំជ្រៃ នឹងឃុំឫស្សីក្រាំង
ដែលទីតាំងខាងលើនេះម្ចាស់បានគេចខ្លួនអស់ទៅហើយ មុនពេលកម្លាំងទៅដល់។
ជាលទ្ធផល លោកអនុសេនីយ៍ឯក ស គឹមឡុង អធិការស្តីទី នៃអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានអះអាងថា សមត្ថកិច្ចចម្រុះ បានកម្ទេចសាច់មង បានប្រវែង ៥២០០ម៉ែត្រ ឡុកចំនួន៧ បង្គោលចំនួន១៩០០ដើម នឹងរំដោះកូនត្រី ក្នុងបាន ២៥០គីឡូក្រាម ចំពោះសម្ភារៈខាងលើ ត្រូវបានកម្លាំងចម្រុះដុតបំផ្លាញចោលនៅនឹងកន្លែង ៕