រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបាឡែន និងគោយន្តកន្ត្រៃ ក្នុងទិសដៅស្របទិសគ្នា (ពីត្បូងទៅជើង) បណ្ដាលឱ្យ ស្លាប់០១នាក់ របួសធ្ងន់ ០៥នាក់ និងរបួសស្រាល ចំនួន០៧
នាក់។ ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ធត់ខាងលើបានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង0៧និ ៣០នាទីយប់ ស្ថិតនៅចំណុចផ្លូវចូលវត្តលំផាត់ លើផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោលគីឡូលេខ ២៧៣-២៧៤ ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
លោកវរសេនីយ៍ទោ ថេង ច័ន្ទធី អធិការនរគបាលស្រុកលំផាត់ បានឲ្យដឹងថា ជនបង្ករឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុប្រហែល៣០ជាង ជនជាតិខ្មែរ មានលំនៅ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បើកបរ រថយន្តម៉ាក កាម៉ារីបាឡែន ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2S-3178 រត់គេចខ្លួនបាត់ក្រោយកើតហេតុ។ ចំណែកអ្នកបើកគោយន្តកន្រៃ្ត ឈ្មោះ ជ័យ វ៉ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរប កសិករ។ និងអ្នករួមដំណើរ ចំនួន១២នាក់ ស្លាប់១នាក់ ឈ្មោះទិត្យ ឡៃ អាយុ២៣ មុខរបរកម្មករ មានទីលំនៅ ស្រុកកំណើតនៅភូមិចម្ការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកអធិការស្រុកលំផាត់បានបន្ដរទៀតថា រីឯជនរងគ្រោះដែលរងរបួលធ្ងន់ និងស្រាលចំនួន១១នាក់ មានមុខរបរ ប្រកបរបរស៊ីឈ្នួល ច្រូតសណ្តែក នៅស្រុកលំផាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តាមរថយន្តសង្គ្រោបន្ទាន់របស់ស្នងការដ្ឋាននរគបាលខេត្តរតនគិរី ។
បច្ចុប្បន្ន កម្លាំងជំនាញចរាចរខេត្ត សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននរគបាលស្រុកលំផាត់ ចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ។ ដោយឡែករថយន្ដ និងគោយន្តកន្ត្រៃ ជំនាញចរាចរណ៍ខេត្តកំពុងរកមធ្យោបាយស្ទូច យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននរគបាល ស្រុកលំផាត់ដើម្បីរងចាំជនបង្ករចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕