បន្ទាយមានជ័យ ៖ ជនសង្ស័យមួយក្រុម៥នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនករណីជួញដូរថ្នាំញៀន១០ថង់តូចនិងធំ១ថង់ រថយន្ត១គ្រឿង ដែលត្រូវបានបញ្ជូននៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនសង្ស័យមួយក្រុម៥នាក់ រួមមានទី១-ឈ្មោះ ថូ វិត ភេទប្រុស អាយុ៣១ឆ្នាំ ទី២-ឈ្មោះ ឆុន រ៉េត ភេទប្រុស អាយុ៤០ឆ្នាំ ទី៣-ឈ្មោះ ឆាយ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ ទី៤-ឈ្មោះ ឆាយ ម៉ៅចិត្ត ភេទប្រុស អាយុ៣៩ឆ្នាំ ទី៥-ឈ្មោះ តាន់ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនទាំងនេះរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យមួយក្រុមចំនួន៥នាក់គឺកម្លាំងនគរបាលក្រុងប៉ោយប៉ែតរួមសហការជាមួយកម្លាំងនគរបាលការយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន៥នាក់និងវត្ថុតាងថ្នាំញៀនម្សៅពណ៌ថ្លាប្រភេទមេតំហ្វេតាមីន(ហៅខេទឹកកកចំនួន១១ថងមានថង់តូចចំនួន១០ថង់និងថង់ធំចំនួន១ថង់និងមធ្យោបាយចែកចាយមានរថយន្ត១គ្រឿងប្រភេទកាម៉ារីបាឡែន ពាក់ស្លាក់លេខ ភ្នំពេញ2K-6501និងទូរស័ព្ទដៃ ៤គ្រឿង ដែលឃាត់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ស្ថិតសង្កាត់/ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ១ក្រុមចំនួន៥នាក់ ពីបទជួញដួរថ្នាំញៀនបានបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាមចម្លើយនិងវត្ថុតាងត្រូវបានកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕