ពោធិសាត់ ៖ យ៉ាងហោចណាស់ មានមនុស្ស០២នាក់ បានស្លាប់ និង០៦នាក់ទៀត រងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត Lexus RX 300 ពាក់ស្លាកលេខ ន.ប 21906 និងរថយន្ត Nissan Frontier ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AK-1039 ករណីកើតឡើងនៅលើផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅ ឃុំថ្មដា ស្រុកវាលវែង ត្រង់ចំណុចខាងលិចស្ពានតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង០៨និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Lexus បើកបរក្នុងទិសពីកើតទៅលិច មកចំណុចកើតហេតុ បានបុកជាមួយរថយន្ត Nissan Frontier ដឹកផ្លែឈើ ក្នុងទិសដៅពីលិចទៅកើត បណ្តាលឲ្យរថយន្ត Nissan Frontier ខូចខាតផ្នែកខាងមុខទាំងស្រុង រងរបួសមនុស្សចំនួន០៥នាក់ ចំណែកឯ រថយន្ត Lexus ក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តស្លាប់០២នាក់ និងរបួសធ្ងន់០១នាក់ ។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា អ្នកជិះក្នុងរថយន្តLexus ទី១-ឈ្មោះ ហ៊ីង សុខផាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ ស្លាប់ ទី២-ឈ្មោះ សៀង វិទូ ភេទប្រុស ជាមន្ត្រីនគរបាល ស្លាប់ និងទី៣-ឈ្មោះ ស៊ន សារុំ ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីនគរបាល រស់នៅភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ក្រុងភ្នំពេញ រងរបួសធ្ងន់។ ចំណែកឯភាគីខាងរថយន្ត Nissan Frontier អ្នករបួសរួមមានទី១- ឈ្មោះ ប្រាក់ ភឿន ភេទប្រុស អាយុ៦៤ឆ្នាំ របួសធ្ងន់, ទី២-ឈ្មោះ អោម ពៅ ភេទស្រី អាយុ៦៩ឆ្នាំ របួសធ្ងន់ អ្នកទាំងពីរ រស់នៅ ឧត្តង្គ ខេត្តកំពង់ស្ពឺ ទី៣-ឈ្មោះ ឃន វិន ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់ ទី៤-ឈ្មោះ វ៉ាន់ ណាត ភេទប្រុស អាយុ៥៥ឆ្នាំ របួសធ្ងន់ និងទី៥-ឈ្មោះ ជ័យ ផាត ភេទប្រុស អាយុ៦០ឆ្នាំ របួសធ្ងន់ អ្នកទាំងបី រស់នៅភូមិវត្ត ឃុំខ្នា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកអធិការបានបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សាកសពត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យ ចំណែក វត្ថុតាងសមត្ថកិច្ចយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ៕