ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនគ្រូមន្តអាគមអូមអាមប្ដីប្រពន្ធ២នាក់ ដែលជាអ្នកស្នងរូបលោកយាយម៉ៅ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ពីបទរំលោភលើទំនុកចិត្ត និងញុះញង់រៀបគម្រោងឆបោក អ្នករកស៊ីសង់ផ្ទះល្វែង យកប្រាក់អស់ប្រមាណជិត១លានដុល្លារ។
ការឃាត់ខ្លួនគ្រូមន្ដអាគមអូមអាម២នាក់ប្ដីប្រពន្ធ ខាងលើនេះ បានធ្វើឡើងនៅផ្ទះវីឡាលេខ០៦ ផ្លូវQ០១ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំកម្លាំងដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្ម។
ជនរងគ្រោះដែលត្រូវជនសង្ស័យឆបោកមានឈ្មោះ អាំង គីហេង ភេទប្រុស អាយុ៤៦ឆ្នាំ ជាពាណិជ្ជករ និងប្រពន្ធឈ្មោះ ទិត្យ ផល្លា អាយុ៣៣ឆ្នាំ ជាពាណិជ្ជករ អ្នកទាំងពីរមានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុន ឆ័យ អាយុ៤៤ឆ្នាំ ជាប្តី និងប្រពន្ធ ដែលជាគ្រូទាយធ្វើមន្តអាគមស្នងរូបយាយម៉ៅឈ្មោះ លី ម៉ាណា (ហៅ លី ហ្គិចហៀក) អាយុ២៦ឆ្នាំ។ អ្នកទាំង២ មានលំនៅ ក្នុងភូមិគ្រឹះ ដែលសមត្ថកិច្ចឃាត់ខ្លួន។
បើតាមលោក អាំង គីហេង និងលោកស្រី ទិត្យ ផល្លា ដែលជាជនរងគ្រោះបានរៀបរាប់យ៉ាងលម្អិតប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានថា ចាប់តាំងពីខែមករា ក្នុងឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន គ្រាន់តែថ្លៃធ្វើកិច្ច «ពោលគឺរៀបចំគ្រឿងសំណែន» គាត់ចាញ់បោកលោកយាយគ្រូ លី ម៉ាណា (ហៅ លី ហ្គិចហៀក) និងប្តីឈ្មោះ សុន ឆ័យ អស់ទឹកប្រាក់ចំនួនជាង៣៥ម៉ឺនដុល្លារឯណោះ ជាពិសេសនៅពេលធ្វើកិច្ចម្តងៗ លោកយាយគ្រូអូមអាមបានញុះញង់ ឲ្យគាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ ដោយឲ្យចោទថាប្រពន្ធកូនជាបីសាចកាន់ផ្កាឈូកខ្មៅ គឺជាមនុស្សអាក្រក់ ហើយគ្រូបោក បានបញ្ចុះបញ្ចូលឲ្យយកប្លង់ដីផ្ទះទាំងអស់ទៅឲ្យគាត់រត់ការដាក់បញ្ចាំ យកប្រាក់ទៅវិនិយោគ ធ្វើបុរីនៅខេត្តកំពង់ស្ពឺ ថែមទៀតផង។
ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ បានរៀបរាប់យ៉ាងលម្អិតប្រាប់សមត្ថកិច្ច និងអ្នកសារព័ត៌មានទៀតថា គាត់និងក្រុមគ្រួសារ បានស្គាល់ និងមានការទំនាក់ទំនងជាមួយគ្រូទាយ តាំងពីឆ្នាំ២០១៥មក រហូតមានការលួងលោមអូសទាញឲ្យរៀបចំគ្រឿងដង្វាយដាក់លើអាសនៈ មានដូចជា ក្រដាសប្រាក់២០ដុល្លារចំនួន៣២សន្លឹក, ស្ករគ្រាប់៣២កំប៉ុង និងផ្លែឈើតម្លៃ១៣៥ដុល្លារ ទៀនធូប ស្លាម្លូចំនួន១២ដុល្លារ ក្នុងមួយលើកអស់ចំនួន៨១១ដុល្លារ ដោយក្នុងមួយសប្តាហ៍អស់ចំនួន២៤៣៣ដុល្លារ ព្រមទាំងឲ្យនាំដើរលេងទៅប្រទេសថៃ ជាញឹកញាប់ផងដែរ ដើម្បីលើករាសីនៅថ្ងៃសុក្រ សៅរី និងថ្ងៃអាទិត្យ ជារៀងរាល់សប្តាហ៍។
ជនរងគ្រោះបានបញ្ជាក់ថា ចំនួនទឹកប្រាក់ ដែលយាយគ្រូបោក សរុបទាំងអស់ចំនួន ប្រមាណជិត១លានដុល្លារ ដែលក្នុងនោះថ្លៃរៀបចំធ្វើកិច្ចចំនួន ជាង៣៥ម៉ឺនដុល្លារ ថ្លៃជើងសារ១០ភាគរយជាង៤២ម៉ឺនដុល្លារ ព្រមទាំងថ្លៃនាំដើរលេង ហើយរៀបចំគម្រោងឲ្យធ្វើវិឡា អសានៈមានតម្លៃ ប្រមាណជាង១លានដុល្លារ ក្នុងទំហំផ្ទៃដីជាង២ពាន់ម៉ែត្រការ៉េ នៅប៉ោយប៉ែត មានតម្លៃប្រមាណ២លានដុល្លារ និងផ្ទះ៤ល្វែង មានតម្លៃប្រមាណជាង៤០ម៉ឺនដុល្លារ និងក្រុមហ៊ុនផងដែរ ដែលសរុបទាំងអស់ប្រមាណ៥លានដុល្លារទៀត តែ មិនបានសម្រេច ដោយសារតែគាត់ដឹងខ្លួន និងបែកការណ៍ទៅហើយ។
ជនរងគ្រោះបានបន្ថែមថា លើសពីនេះ លោកយាយគ្រូ លី ម៉ាណា (ហៅ លី ហ្គិចហៀក) បានណែនាំប្តីឈ្មោះ សុន ឆ័យ ដែលមានជំនាញខាងរកស៊ីនៅសហរដ្ឋអាមេរិក ឲ្យទទួលយកតំណែងធ្វើជានាយកប្រតិបត្តិ គ្រប់គ្រងបុរីនៅក្រុងប៉ោយប៉ែត ដើម្បីរៀបចំគម្រោងធ្វើកិច្ចសន្យាផ្តល់កម្រៃជើងសារ ពីចន្លោះ៥ភាគរយ ទៅ១០ភាគរយ ក្នុងការលក់ផ្ទះមួយល្វែងជំនួសជនរងគ្រោះ ក្នុងបំណងលេបត្របាក់ក្រុមហ៊ុនទាំងមូលតែម្ដង។
លើសពីនេះទៀតឈ្មោះ សុន ឆ័យ បានឲ្យផ្ញើប្រាក់តាមធានាគារ ក្នុង១ខែ១ម៉ឺនដុល្លារ ឲ្យទៅគាត់ជារៀងរាល់ខែ ស្មើទឹកប្រាក់ចំនួន ជាង៤២ម៉ឺនដុល្លារ ដើម្បីឲ្យគាត់មានសេចក្ដីទុក្ខចិត្ត និងជឿជាក់។ នៅពេលដែលគាត់ទាមទារឲ្យបិទបញ្ជីរ ឈ្មោះ សុន ឆ័យ ជាប្ដីគ្រូទាយមិនធ្វើឡើយ ដោយយកលេសថា ប្រពន្ធគាត់ជាអ្នកធ្វើឲ្យក្រុមហ៊ុនច្របូកប្របល់ និងឆ្កិះឆ្កៀលឲ្យដេញប្រពន្ធកូន និងបុគ្គលិកទាំងអស់ចេញ ហើយរើសបុគ្គលិកថ្មី និងឆ្លៀតឱកាសខ្លែងឯកសារទិញផ្ទះដាក់ឈ្មោះបងប្អូនរបស់ខ្លួន និងបង្គាប់ឲ្យរៀបចំធ្វើអសានៈក្នុងបុរី ដោយដាក់ឈ្មោះ សុន ឆ័យ និងឈ្មោះប្រពន្ធជាលោកគ្រូបោក តែប្រហែលជាដល់ថ្ងៃអស់លក្ខត្រឹមនឹង ព្រោះត្រូវបានគាត់ដឹងខ្លួនជាមុនទាន់ ទើបឈានទៅដល់ការដាក់ពាក្យបណ្តឹង សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនតែម្តង។
ប្រភពបានឲ្យដឹងថា ក្រៅពីជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវចាញ់បោកលោកយាយគ្រូអូមអាម លី ម៉ាណា (ហៅ លី ហ្គិចហៀក) ដែលជាអ្នកស្នងរូបយាយម៉ៅ និងប្តីឈ្មោះ សុន ឆ័យ នៅមានមនុស្សជាច្រើនទៀត ដែលបានទៅរកគ្រូមន្ដអាគមឲ្យជួយ និងចាញ់បោកជាហូរហែផងដែរ។
ក្រោយពីកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្ម ឃាត់ខ្លួនលោកយាយគ្រូអូមអាម លី ម៉ាណា (ហៅ លី ហ្គិចហៀក) និងប្តីឈ្មោះ សុន ឆ័យ នៅព្រឹកស្អែកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ ជនសង្ស័យទាំង២នឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីហើយ ខណៈជនរងគ្រោះសំណូមពរ ឲ្យចាត់ការណ៍តាមច្បាប់ផ្លូវច្បាប់ ពីព្រោះជាបទល្មើសព្រហ្មទណ្ឌ ក្នុងករណីឆបោក ញ៉ុះញ៉ង់រំលោភលើទំនុកចិត្ត ដែលមិនអាចលើកលែងបាន៕