កំពង់ចាម ៖ ករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបង្ក្រាបកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានលោក ខៀវ សន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៧៦៧ ត.ព្រ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រេចឃុំខ្លួនជនជាប់ចោទ០១នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បង្ក្រាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ។
ជនសង្ស័យឈ្មោះ សុន ស៊ីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីកន្លែងកំណើតនៅភូមិពួកខ្ញុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទីលំសព្វថ្ងៃនៅភូមិត្រពាំងសង្កែ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបញ្ញត្តិច្បាប់មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៕