កំពង់ស្ពឺ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានចុះសហការបង្ក្រាបទីតាំងលួចផលិតសាច់ក្រក នៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដ្ដុង្គ កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចដីឡូត៍របស់ឈ្មោះ កែប ប៊ុនធឿន ភេទប្រុស អាយុ ៥២ឆ្នាំ។
សមត្ថកិច្ចចម្រុះរួមមានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ, មន្ត្រីតំណាងមន្ទីរឧស្សាហកម្មនិងសិប្បកម្ម,មន្ទីរពាណិជ្ជកម្ម ខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលប្រឆាំងបទល្មើសខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ អាជ្ញាធរមូលដ្ឋាន មេឃុំដឹកនាំសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញាររង អយ្យការអមសាលាដំបូងខេត្ត។
បញ្ជាក់ថា ៖ ទីតាំងខាងលើផលិតសំបកសាច់ក្រក ម្ចាស់ឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅផ្សារអូឫស្សី រាជធានីភ្នំពេញ
សមត្ថកិច្ចរកឃើញវត្ថុធាតុដើម និងសម្ភារៈរួមមានៈ ធុងជ័រប្រើរួចចំណុះ ១៥០គីឡូក្រាម ចំនួន ១៣០០ធុង, ធុងជ័រប្រើរួចចំណុះ ២៥០គីឡូក្រាម ចំនួន ១០០ធុង, ធុងជ័រអំបិលចំណុះ ១៥០គីឡូក្រាម ចំនួន១០០០ធុង, ហីត្រូសែន ៥០ភាគរយ ចំណុះ៣៥លីត្រ ចំនួន ២៩ធុងស្មើ១០០០លីត្រ, ធុងពោះវៀនប្រើប្រាស់បាន ៣ធុងប្រភេទ ២៥០គីឡូក្រាម ស្មើ៧៥០គីឡូក្រាម, ធុងពោះវៀនប្រើប្រាស់១៥ធុងប្រភេទ ១០០ គីឡូក្រាម ស្មើ១៥០០គីឡូក្រាម, ធុងខ្លាញ់ស សម្រាបលៀបលើក្រណាត់ច្រក សំបក សាច់ក្រក ១៣ធុង ចំណុះ២៥លីត្រ ស្មើ ៣២៥លីត, ថ្នាំលាបអោយរអិល ៣ប៉ាវ ៧៥គីឡូក្រាម, ទឹកពង្រីកពោះវៀន ២០ធុងស្មើ៧០០គីឡូក្រាម, អីធឺរ៉ុក st50 ៥ធុងស្មើ ១៧៥០គីឡូក្រាម, ធុងពោះវៀនចំនួន ៦៥០ធុង ស្មើ៩០០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ៦៤កេសតូចស្មើ ៨០០គីឡូក្រាម, ស្រោមសាច់ក្រកស្ងួត ១៤កេសធំ ស្មើ ១៨២គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច២០ដុំ ស្មើ ៤០គីឡូក្រាម, ស្រោមសាច់ក្រកផលិតរួច ៤ថង់ ស្មើ ១២គីឡូក្រាម។
សម្ភារៈមួយចំនួនយកមកពីទីផ្សាររាជធានីភ្នំពេញនិងមួយចំនួនទៀត នាំមកពីប្រទេសបរទេស។ ក្រោយផលិតផលរួចយកទៅលក់ នៅផ្សារអូឫស្សី និងតាមបណ្តាខេត្ដ សិប្បកម្មនេះគ្មានច្បាប់អនុញ្ញាតិ។ ចំពោះវត្ថុធាតុដើមការផលិតគឺមានសារធាតុជាតិគីមី ហាមឃាត់មួយចំនួន ចំណែកទីតាំងគ្មានអនាម័យ ប៉ះពាល់បរិស្ថាន ។
សមត្ថកិច្ចចម្រុះសម្រេចផ្អាកសកម្មភាពទីតាំងផលិត សំបកសាច់ក្រកខាងលើជាបណ្ដោះ អាសន្ននិងចាត់ការនីតិវិធី បន្ដទៀត ៕