សៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ៦ខ្នង ត្រូវបានអគ្គីភ័យលេខត្របាក់ស្ទើទាំងស្រុង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចជាប់បណ្តោយផ្លូវទៅកំពុងផែស៊ូជីងស្ថិតក្នុងភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ភឹង សម្បត្តិ ស្នងការរងទទួលអគ្គីភ័យ បានឲ្យដឹងថាៈការឆេះខាងលើនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយដោយភូមិខាងលើនេះស្ថិតនៅឆ្ងាយពីទីរួមខេត្តសៀមរាប ប្រមាណ១៤គីឡូម៉ែត្រផងនោះទើបបណ្តាលឲ្យឆេះផ្ទះចំនួន ៦ខ្នងផ្ទះដែលសង់ជាប់ៗគ្នាក្នុងនោះឆេះអស់ទាំងអស់ចំនួន៥ខ្នងនិង១ខ្នងទៀតឆេះអស់មួយជំហៀង។
លោកស្នងការរងបន្តថាម្ចាស់ផ្ទះរងគ្រោះរួមមានទី១-ឈ្មោះ ហ៊ុងសន ភេទស្រី អាយុ៦១ឆ្នាំ (ឆេះទាំងស្រុង) ទី២- ឈ្មោះ ដួង ក្រក ភេទប្រុស អាយុ៥៥ឆ្នាំ (ឆេះទាំងស្រុង) ទី៣- ឈ្មោះ អ៊ឹម ធី ភេទប្រុស អាយុ៤៥ឆ្នាំ (ឆេះទាំងស្រុង) ទី៤- ឈ្មោះ ដែក ប្រួន ភេទស្រី អាយុ៦០ឆ្នាំ (ឆេះទាំងស្រុង) ទី៥- ឈ្មោះ ឌុយ នីមូល ភេទប្រុស អាយុ៤២ឆ្នាំ (ឆេះទាំងស្រុង) និងទី៦- ឈ្មោះ ឃួន គាត ភេទប្រុស អាយុ៥៥ឆ្នាំ (ឆេះមួយចំហៀង) ផ្ទះខាងលើមានទំហំទទឹង៥ម៉ែត្រ គុណបណ្តោយ២០ម៉ែត្រ ដំបូលស័ង្កសីជញ្ជាំងក្តារករណីអគ្គីភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញ ប្រើប្រាស់រថយន្តអគ្គីភ័យចំនួន ៦គ្រឿង និងឡានដឹកទឹកលក់២គ្រឿង ក្នុងនោះឡានស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៤គ្រឿង កងរាជអាវុធហត្ថចំនួន២គ្រឿង ឡានដឹកទឹកលក់របស់ប្រជាពលរដ្ឋចំនួន២គ្រឿងនិងប្រើប្រាស់ទឹកពន្លត់សរុបចំនួន ២០ឡានទើប យើងគ្រប់គ្រង់សភាពការណ៍បានទាំងស្រុង ៕