កណ្ដាល ៖ កាលពីវេលាម៉ោង២១និង៤៨នាទី ថ្ងៃទីព្រហស្បត៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីអគ្គីភ័យមួយឆេះយ៉ាងសន្ធោសន្ធៅបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ខូចខាតទាំងស្រុងនិង១ខ្នងទៀតខូចខាតបន្តិចបន្ទួចក្រោយពីមានរថយន្ដពន្លត់អគ្គីភ័យជួយអន្ដរាគមន៍ទាន់ពេលវេលា ។
មន្ដ្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះចំនួន២ខ្នងដែលរងការខូចខាតទាំងស្រុង រួមមានទី១-ជារបស់ឈ្មោះ ប៉ាត់ សុងលី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ប៉ះកង់ឡាន ផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង មានទំហំ៩ម៉ែត្រគុណ២៤ម៉ែត្រ ទី២-ជារបស់ឈ្មោះ ឃឹម សូភិន ភេទប្រុស អាយុ៧៤ឆ្នាំ មុខរបរ ក្រុមប្រឹក្សា ផ្ទះសង់អំពីឈើលើនិងថ្មក្រោម ដំបូលប្រក់ក្បឿង មានទំហំ៦ម៉ែត្រគុណ១៥ម៉ែត្រ រីឯផ្ទះ១ខ្នងទៀតរងការខូចខាងបន្ដិបន្ទួច(គ្រាន់តែរោលៗ) មានទំហំ៤ម៉ែត្រគុណ១២ម៉ែត្រ ជារបស់ឈ្មោះ ឃៀវ សុគន្ធា ភេទស្រី អាយុ៦០ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា នៅវេលាថ្ងៃកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានអគ្គីភ័យយ៉ាងសន្ធោសន្ធៅកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋក្នុងភូមិ/សង្កាត់ខាងលើ ភ្លាមនោះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងបញ្ជាការដ្ឋានអង្គរក្សបានជួយអន្ដរាគមន៍ពន្លត់ ដោយប្រើរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលចំនួន៥គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៦គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានអង្គរក្សចំនួន២គ្រឿង សរុបប្រើប្រាស់ទឹកអស់ចំនួន៤៥រថយន្ត ស្មើនឹង២១៦ម៉ែត្រគូប ។ ករណីអគ្គីភ័យនេះ ត្រូវបានពន្លត់អស់ទាំងស្រុងនៅវេលាម៉ោង១២និង៤០នាទី ប្រើរយៈពេល៣ម៉ោង ។
ប្រភពពដដែលបានបន្ដទៀតថា មូលហេតុដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើង គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ទើបបានជាបណ្ដាលឲ្យឆេះផ្ទះរបស់ប្រជាពលរដ្ឋរហូតដល់២ខ្នងនិង១ខ្នងទៀតខូចខាតបន្ដិចបន្ទួច ៕