ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលបណ្តឹងតាមទូរស័ព្ទថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២២តាមដងផ្លូវស្ថិតនៅចំណុច ក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួស កើតឡើង។ បង្កឡើងជនសង្ស័យចំនួន ០៥នាក់ ជិះម៉ូតូ ០២គ្រឿង ។
ក្រោយពីទទួលបានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុក្ខដាក់ កំណត់អត្តសញ្ញាណ រហូតដល់យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ យើងចាប់បានជនង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ YOU ZHI Hui ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខៈG503618162 ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ រងរបួស ដៃ ជើង និង ដងខ្លួន ។
ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០៣នាក់រួមមានទី១-ឈ្មោះ កែវ មិថុនា ហៅ ម៉ិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី ), ទី២-ឈ្មោះ ម៉ៅ ប៊ុននី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី ), និងទី៣-ឈ្មោះ កែវ ចាន់តូ ហៅ ឆក ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ( សហចារី )។ ជនសង្ស័យទាំង ០៣នាក់ខាងលើនេះ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២២ ស្ថិតនៅចំណុច ក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ( មធ្យោបាយធ្វើសកម្មភាព )។ ចំពោះជនសង្ស័យ ០២នាក់ដែលនៅសេសសល់ កំពុងតាមរកចាប់ខ្លួន ។
ចំពោះជនសង្ស័យខាងលើនេះ ការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕