កណ្ដាល ៖ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣៥នាទី លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ២៤-២៥ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដមួយគ្រឿងខូចខាតយ៉ាងដំណំ និងរថយន្ដមួយគ្រឿងទៀតខូចខាតស្រាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា រថយន្ដបង្កម៉ាក HYUADAI ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2888 បើកបរដោយឈ្មោះ XIE HEBANG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅម្ដុំផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯរថយន្ដម្ខាងទៀតម៉ាក HYUADAI ធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4777 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ទុករថយន្ដចោលរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះផងដែរពុំបណ្ដាលឲ្យមាននរណាម្នាក់រងរបួសអ្វីឡើយ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កម៉ាក HYUADAI ពាក់ស្លាក់លេខកំពង់ស្ពឺ 2A-2888 បើកដោយជនជាតិចិន ធ្វើដំណើរពីផ្លូវស្រែអំពិលឆ្លងកាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ននិងពុំមើលឆ្វេងស្ដាំនោះទេ ខណៈនោះក៏មានរថយន្ដមួយគ្រឿងម៉ាក HYUADAI ពាក់ស្លាកលេខ ភ្នំពេញ 3D-4777 បើកក្នុងទិសដៅច្រាស់គ្នា បានបុកចំពីក្រោយផ្នែកចំហៀងខាងឆ្វេងរថយន្ដម៉ាក HYUADAI ពាក់ស្លាក់លេខកំពង់ស្ពឺ 2A-2888 ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដម៉ាក HYUADAI ពាក់ស្លាក់លេខកំពង់ស្ពឺ 2A-2888បើកដោយជនជាតិចិនទទួលរងការខូចខាតយ៉ាងដំណំ រីរថយន្ដម៉ាក HYUADAI ពាក់ស្លាកលេខ ភ្នំពេញ 3D-4777ទទួលរងការខូចខាតស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចចរាចរណ៍បានធ្វើការចុះមកពិនិត្យវាស់វែង រួចកសាងឯកសារដកហូតយករថយន្ដទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕