ឧត្តរមានជ័យ ៖ រថយន្តមួយគ្រឿងម៉ាកកាម៉ារីឆ្លាម ផលិតឆ្នាំ១៩៩៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-9037 បានរអិលកង់មកក្រោយវិញធ្លាក់ប្រឡាយរួចហើយបុកនិងជញ្ជាំងថ្មភ្នំ បន្ទាប់ពីរថយន្តខាងលើបានបើកបរឡើងភ្នំ ដល់ពាក់កណ្តាលផ្លូវក៏រលត់ម៉ាស៊ីន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវឡើងភ្នំនៃច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អ្នកបើករថយន្តខាងលើបានឲ្យដឹងថា រថយន្តរបស់គាត់បានដឹកអ្នកដំណើរ ៤នាក់ មានក្មេង២នាក់ មនុស្សចាស់នាក់ ចុះពីមាត់ច្រកភ្នំនៃច្រកអន្តរជាតិជាំសាង៉ាំឆ្ពោះទៅទីរួមស្រុកអន្លង់វែងដើម្បីទិញសម្ភារៈប្រើប្រាស់ ហើយក៏បានត្រឡប់មកវិញ លុះឡើងភ្នំបានបានពាក់កណ្តាលផ្លូវក៏ស្រាប់តែម៉ាស៊ីនរថយន្តរលត់ ហើយរថយន្តបានរអិលថយក្រោយ ទោះជារូបគាត់ចាប់ហ្វ្រាំងក៏មិនជាប់ ហើយផ្លូវដែលរថយន្តថយក្រោយគឺមានម្ខាងជាជ្រោះនិងម្ខាងទៀតជញ្ជាំងថ្ម ដោយស្មារតីគាត់រឹងមាំ ក៏កាច់ចង្កូតតម្រង់ទៅផ្ទប់និងផ្ទាំងថ្ម។
ក្រោយកើតហេតុរថយន្តខូចខាតស្រាល ហើយមិនបណ្តាលអោយមនុស្សនៅក្នុងរថយន្តមានគ្រោះថ្នាក់នោះទេ គ្រាន់តែភិតភ័យនិងស្រែកស្លន់ស្លោក្នុងរថយន្ត ៕