រយៈពេល​ពីរ​ថ្ងៃ​ នគរបាល​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ និង​ថ្នាំ​ញៀន​ ​មួយ​ចំនួន​ធំ​

07-December-2017 | ដោយ ពលមនសិការ

​បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​៣​នាក់​ ដែល​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ដ៏​សកម្ម​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ សហការ​ជាមួយនឹង​ក្រុម​អន្តរាគមន៍​ ប្រឆាំង​បទល្មើស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ តាម​ប្រមាញ់​ និង​ឃាត់ខ្លួន​បាន​​ជា​បន្តបន្ទាប់​តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ។​

​លោក​វរសេនីយ៍ទោ​ ស៊ា​ន​ សុ​ណា​ល់​ នាយការិយាល័យ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជាក់​ថា​ កិច្ច​ប្រតិបត្តិការ​លើក​ទី​១​ គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​៦​និង​១០​ នាទី​យប់​ ត្រង់​ចំណុច​ភូមិ​បឹង​ក្រសាល​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​
​ខេត្តបាត់ដំបង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​លើក​ទិ​១​ នេះ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់​ឈ្មោះ​ ស៊ូ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ក្នុង​ទីតាំង​ខាងលើ​ ដោយ​បាន​ដកហូត​នូវ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ ចំនួន​ ៤៦​ កូន​ថង់​ ស្មើនឹង​ទម្ងន់​ ៣៧,៩២​ ក្រាម​ទូរស័ព្ទ​ដៃ​១​គ្រឿង​ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ ។​

​លុះ​នៅ​ថ្ងៃ​ទី​ ៦​ ខែ​ ឆ្នាំ​ដដែល​ វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ កំលាំង​ជំនាញ​បាន​បន្ត​កិច្ច​ប្រតិបត្តិការ​លើក​ទី​២​ ទៅ​កាន់​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ ដោយ​បាន​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​២​នាក់​ បន្ថែម​ទៀត​ ដែល​ពួក​គេ​មានឈ្មោះ​ ហ៊ឺ​ វាសនា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ដំបង​ ឃុំ​អូរ​ដំបង​២​ ស្រុក​សង្កែ​ និង​ឈ្មោះ​ ផល​ ចាន់​ថេរ​ ហៅ​អា​ម៉ី​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ចំណុច​ខាងលើ​ ។​

​នៅ​ទីនោះ​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា​ ថ្នាំ​ញៀន​ប្រភេទ​ ម៉ា​ទឹកកក​ចំនួន​ ១​ ថង់​ ស្មើនឹង​ទម្ងន់​ ១៨,៩៩​ ក្រាម​ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ថែម​ទៀត​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ រួម​ជាមួយ​និង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ហើយ​ ក្នុង​ការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕​ 

 

ចំនួនអ្នកទស្សនា

    20632647

  • ថ្ងៃនេះ8521
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75041
  • ខែនេះ190191
  • ឆ្នាំនេះ190191
  • សរុប20632647