កណ្តាល ៖ ស្ត្រីសង្ស័យម្នាក់ត្រូវបាននគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលខេត្តព្រះសីហនុ ចុះធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ពីបទលួច ។
ប្រតិបត្តិការចាប់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង២និង៤៧នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិប ន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឲ្យថឹងថា ស្ត្រីត្រូវចោទចាប់ខ្លួនបានមានឈ្មោះ ចៅ ស្រីលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។
ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៣១ដក-បចខ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោក ផូង វណ្ណ ចៅក្រមជំនុំ ជម្រះនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទលួច ដែលបានប្រពឹត្តកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ចំណុចភូមិ ដើមមៀន ឃុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថាក្រោយទទួលដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកកិច្ចប្រតិបត្តិការ ស្រាវ ជ្រាវនិងតាមដានបានដឹងថាស្ត្រីត្រូវចោទខាងលើកំពុងរស់នៅក្នុងខេត្តព្រះសីហនុភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះធ្វើការចាប់ខ្លួនស្ត្រីរូបនេះនៅចំណុចនៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បច្ចុប្បន្នស្ត្រីត្រូវចោទខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕